ប្រធានក្លឹប Tottenham លោក Daniel Levy បានបញ្ជាក់ថា ក្លឹបបានរួមបញ្ចូលលក្ខខណ្ឌទិញត្រឡប់មកវិញនៅក្នុងការផ្ទេររបស់ Harry Kane ទៅ Bayern Munich ។
Kane វ័យ 30 ឆ្នាំបានបញ្ចប់ការផ្លាស់ប្តូរតម្លៃ 100 លានផោនពី Spurs ទៅកាន់ Bayern កំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដើម្បីបញ្ចប់ការប្រកបអាជីពរយៈពេល 19 ឆ្នាំរបស់គាត់ជាមួយក្រុមនៅទីក្រុងឡុងដ៏ ។ ខ្សែប្រយុទ្ធរូបនេះបានឆ្លងកាត់ការបណ្ដុះបណ្ដាលនៅក្នុងថ្នាលយុវជនរបស់ Tottenham មុនពេលក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ក្លឹបជាមួយនឹងគ្រាប់បាល់ចំនួន 280 ក្នុងការប្រកួតចំនួន 435 ប្រកួត។
អ្នកគាំទ្រ Tottenham មានការខកចិត្តយ៉ាងខ្លាំង ដែលបានឃើញ Kane ចាកចេញទៅកាន់ប្រទេសអាឡឺម៉ង់ ប៉ុន្តែ Levy បានផ្តល់ក្តីសង្ឃឹមដល់ពួកគេដោយបង្ហាញផែនការទិញ Kane ត្រឡប់មកវិញ។ Levy បានធ្វើការចូលរួមក្នុងវេទិកាអ្នកគាំទ្រនៅកីឡដ្ឋាន Tottenham Hotspur ជាលើកដំបូងរបស់គាត់ ក្នុងរយៈពេលជាងប្រាំឆ្នាំ។
គួរបញ្ជាក់ផងដែរ Kane បានបង្ហើបពីការត្រលប់ទៅ Tottenham វិញបន្ទាប់ពីបញ្ជាក់ពីការចាកចេញរបស់គាត់។ ប្រធានក្រុមអង់គ្លេសដែលបានស៊ុតបាល់បញ្ចូលទីបាន 4 គ្រាប់នៅ Bundesliga ឱ្យ Bayern បានលើកឡើងថា៖ «ការចាកចេញនេះមិនមែនរហូតទេ ព្រោះអ្នកមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតទេ … ខ្ញុំនឹងជួបអ្នកទាំងអស់គ្នាវិញឆាប់ៗនេះ»។
Levy ត្រូវបានសួរអំពី Kane ក្នុងអំឡុងពេលព្រឹត្តិការណ៍កាលពីល្ងាចថ្ងៃអង្គារ។ ប្រធានក្លឹប Spurs បាននិយាយថា៖ «យើងមានគម្រោងទិញ Kane ត្រឡប់មកវិញ»៕