Man Utd បង្ហាញ​ពី​ទំហំ​នៃ​របួស Aaron Wan-Bissaka

0

ក្លឹ​ប Manchester United បាន​បញ្ជាក់​ប្រាប់​ថា​នឹង​គ្មាន​ខ្សែការពារ​ស្តាំ Aaron Wan-Bissaka រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ បន្ទាប់​ពី​គាត់​បាន​រង​របួស​នៅ​ចុង​ម៉ោង​ក្នុង​ការ​ប្រកួត​ចាញ់ Brighton & Hove Albion ។

បន្ទាប់​ពី​បាន​ចាប់ផ្តើម​ការ​ប្រកួត 4 លើក​ជា​ជម្រើស​ដំបូង​របស់​ក្រុម កីឡាករ Wan-Bissaka បាន​ក្លាយជា​កីឡាករ​បម្រុង​ទល់​នឹង Brighton ហើយ​គាត់​បាន​ប្ដូរ​ចូល​លេង​នៅ​នាទី​ទី 85 ទាំង​ដែល​គាត់​កំពុង​មាន​របួស ។

ក្នុងអំឡុងពេល​ការ​បង្ហាញខ្លួន​ត្រឹម ៥ នាទី​នោះ Wan-Bissaka បាន​រង​របួស​សរសៃពួរ ហើយ​របាយការណ៍​ពី​វេជ្ជបណ្ឌិត​បានអោយ​ដឹង​ថា គាត់​នឹង​អវត្តមាន​ជា​ច្រើន​ស​ប្តា​ហ៍ ការ​រំពឹង​ទុក​ត្រូវ​បាន​កំណត់​យ៉ាង​ហោច​ណាស់​រយៈពេល 2 ខែ ។

ជាមួយនឹង​កាលបរិច្ឆេទ​នៃ​ការ​ត្រលប់​មក​វិញ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ហេតុនេះ Wan-Bissaka អាច​ខកខាន​ការ​ប្រកួត Premier League ដល់​ទៅ 7 ប្រកួត រួម​ទាំង​ការ​ប្រកួត Manchester Derby នៅ​ថ្ងៃ​ទី 29 ខែតុលា ក៏​ដូច​ជា​ការ​ប្រកួត​ពានរង្វាន់ Champions League ចំនួន​បួន​ប្រកួត ។

Man United ចាប់ផ្តើម​ការ​ប្រកួត​ពានរង្វាន់​អឺរ៉ុប​របស់​ពួក​គេ​ទល់​នឹង Bayern Munich នៅ​ថ្ងៃ​ពុធ ដោយ Diogo Dalot ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ជម្រើស​ជំនួស Wan-Bissaka ។ អ្នកចាត់ការ Erik ten Hag កំពុង​ប្រឈម​មុខ​នឹង​ការ​ឈឺក្បាល​ជា​ខ្លាំង ខណៈ​ដែល Wan-Bissaka ក្លាយជា​កីឡាករ​ម្នាក់​ទៀត​ដែល​ត្រូវ​អវត្តមាន ។

គួរ​បញ្ជាក់​ផង​ដែរ នៅ​ក្នុង​ពេល​នេះ​ក្រុម​បិសាច​ក្រហម Menchester United មាន​កីឡាករ​ជា​ច្រើន​រូប​ត្រូវ​អវត្តមាន​ដោយ​បញ្ហា​របួស ក្នុង​នោះ​រួម​មាន​កីឡាករ Luke Shaw , Tyrell Malacia , Kobbie Mainoo ,Mason Mount , Amad Diallo , Wan-Bissaka និង​អ្នកចាំទី Tom Heaton ។ ហើយ​ក៏​អវត្តមាន Antony និង Jadon Sancho ដែរ​។ ចំពោះ Antony កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ ខណៈ Sancho ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្រុម​ដំបូង បន្ទាប់​ពី​បដិសេធ​មិន​សុំ​ទោស​ចំពោះ​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គាត់​ដែល​ទាក់ទង លោក Erik Ten hag៕