ភ្នំពេញក្រោន រកបាន ៣ពិន្ទុ ក្រោយយកឈ្នះទ័ព នៅសប្តាហ៍ទី៣

0

ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោនប្រជែងបាន៣ពិន្ទុពីក្រុមភ្ញៀវ ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) បន្ទាប់ពីធ្វើសម្រេចយកឈ្នះ ក្នុងលទ្ធផលបច្ចេកទេស ១ទល់០ នៅក្នុងការប្រកួតបង្គ្រប់ សប្តាហ៍ ទី៣ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២០២៤។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមទាំងពីររក្សាបានលទ្ធផលស្មើគ្នា ០ទល់០ ហើយ នៅវគ្គទី២ ម្ចាស់ផ្ទះ ភ្នំពេញក្រោនធ្វើសម្រេចបាន១គ្រាប់ វគ្គទី២។ ជាមួយនឹងជ័យជម្នះរកបាន ៣ពិន្ទុបន្ថែមនេះបានធ្វើឲ្យភ្នំពេញក្រោនឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ ខណៈ៤ប្រកួតរបស់ក្រុមទ័ព ឈ្នះ១ ស្មើ១​ និងចាញ់២ មាន៤ពិន្ទុ ឈរនៅលេខ៦ ក្នុងចំណោម១០ក្រុមនៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ រដូវកាលថ្មីនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត លោក ភា សុភ័ក្ត្រា គ្រូ បង្គោល ក្រុមទ័ពបានលើកឡើងថា វាជាកំហុសមួយ ដែលធ្វើឱ្យទ័ពរបូតគ្រាប់បាល់ និងបាត់បង់៣​ពិន្ទុ​ជាមួយម្ចាស់ផ្ទះ ភ្នំពេញក្រោន សម្រាប់ការប្រកួតបង្គ្រប់សប្តាហ៍ទី៣នេះ។ គ្រូបង្គោលរូបនេះ​ចាត់ទុកថា គ្រប់ការប្រកួត យើងតែងតែគិតគូទៅលើតាក់តិចរបស់គូប្រកួត​ ហើយបាន​រៀបចំ​ផែន​ការតាមអ្វីដែលយើងចង់បាន ដោយបង្កើនប្រព័ន្ធការពារជាចម្បង ដោយរក្សាបានលទ្ធផលស្មើគ្នា ០ទល់០ នៅវគ្គទី១។ ប៉ុន្តែនៅវគ្គទី២ កីឡាករទ័ពធ្វើឱ្យមានកំហុស ដោយរបូតគ្រាប់បាល់ ០ទល់១។ យ៉ាងណា ទោះយើងមិនអាចធ្វើសម្រេចទីលើគូប្រកួត ប៉ុន្តែយើងមិនបោះបង់ឱកាស និង​បាន​ព្យាយាមច្រើនដង ប៉ុន្តែមិនអាចធ្វើសម្រេច។ លោកបានបន្ថែមថា នេះជាបាល់ទាត់ ដែល​យើងតែងតែព្យាយាមធ្វើរហូតដល់ ៩០នាទី។

«ក្នុងនាមជាគ្រូបង្គោល ដែលជាអ្នកទទួលខុសត្រូវ ក្នុងការសម្រួចអភិវឌ្ឍបច្ចេកទេសក្រុម រួមទាំងកីឡាករម្នាក់ៗ គឺយើងតែងតែព្យាយាមធ្វើឲ្យបានល្អបន្តិចម្តងៗ ដោយសូម្បីតែចំណុច​ការពារ​ក៏យើងតែងតែព្យាយាមកាត់ផ្តាច់នូវចង្វាក់ ឬចលនាបោកបញ្ឆោតរបស់កីឡាករភ្នំពេញ​ក្រោនបានច្រើន។ នេះជាការជំហានឈានឡើងទាំងតុល្យភាពនៃការការពារ និងការប្រយុទ្ធ។ ក្នុង​ហ្គេមនេះ គឺជាផែនការដំបូងបំផុត​ ដែលក្រុមទ័ពបានចាប់ផ្តើមលេងតាមបែបវាយបក ដើម្បីអភិវឌ្ឍ​សមត្ថភាពកីឡាករនៃក្រុមទាំងមូលកាន់តែប្រសើរ សម្រាប់ការប្រកួតបន្ទាប់»។ នេះជាការលើក​ឡើង​បន្ថែមរបស់លោក ភា សុភ័ក្ត្រា ដែលជាអតីតគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាផងនោះ។

លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោនបានគូសបញ្ជាក់ដែរថា នេះជាការប្រកួត មិនមែនងាយស្រួលនោះទេ ដោយវាការប្រកួតដ៏លំបាក។ លោកបន្ថែមថា នៅរដូវកាលថ្មីនេះ ក្រុមទ័ពបាននាំចូលកីឡាករមានគុនភាពល្អ ហើយលោកជឿថា ទ័ពនឹងអាចឡើងដល់វគ្គ៤​ក្រុម​ចុងក្រោយ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមជូនពរឱ្យក្រុមទ័ពឈ្នះការប្រកួតបន្តបន្ទាប់ទៀត ប៉ុន្តែ​មិនមែនឈ្នះជាមួយក្រុមភ្នំពេញក្រោន»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា