ភ្នំពេញ៖ បន្ទាប់ពីប្រកាសបញ្ជីក្រុមជំទង់គោព្រៃកម្ពុជា ក្រោមអាយុ២៣ឆ្នាំ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាបានចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានស្តាតចាស់ ក្រោមការដឹកនាំពីគ្រូបង្គោលជនជាតិជប៉ុន លោក Gyotoku Koji នៃក្រុមជម្រើសជាតិកម្ពុជា។ នេះការហាត់សមត្រៀមការប្រកួតជម្រុះក្នុងពូល J នាខែកញ្ញា ឆ្នាំ២០២៣នៃព្រឹត្តិការណ៍ពានរង្វាន់អាស៊ី ក្រោមអាយុ២៣ឆ្នាំ នៅប្រទេសកាតា ឆ្នាំ២០២៤ (AFC U23 Asian Cup Qatar 2024)។
បញ្ជីកីឡាករជម្រើសជាតិចំនួន២៣នាក់ គឺត្រូវបានជ្រើសរើសចេញពី១០ក្លឹប ក្នុងនោះ៩ក្លឹបជាសមាជិកលីគកំពូលកម្ពុជា ដូចជាវិសាខា៥នាក់, បឹងកេត ២នាក់, ភ្នំពេញក្រោនម្នាក់, ណាហ្គាវើលដ៍៤នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, អង្គរថាយហ្គឺ ៣នាក់, គិរីវង់សុខសែនជ័យម្នាក់, ព្រៃវែង ២នាក់, ISI ដង្កោសែនជ័យ ម្នាក់ និងសាលាបាល់ទាត់បាទីម្នាក់។ ការប្រកួតវគ្គជម្រុះក្នុងពូល J នឹងត្រូវចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ី សាអូឌីត ដោយមាន៤ប្រទេស រួមមាន កម្ពុជា, ក្រុមការពារម្ចាស់ដំណែងជើងឯកឆ្នាំចាស់ ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី ខណៈក្រុម U23 កម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយក្រុមលីបង់ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣, បន្តជួបប្រកួតជាមួយម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ និងចុងក្រោយបន្តប៉ះជាមួយម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត ប៉ះ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
សម្រាប់វគ្គចែកពូលនេះមាន១១ពូល ដោយក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា លើកលែងតែពូល K មួយប៉ុណ្ណោះដែលមាន៣ក្រុម សរុបមានចំនួន៤៣ប្រទេស។ ចំពោះក្រុមកាតា ដែលជាម្ចាស់ផ្ទះជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៤ខាងមុខ គឺស្ថិតនៅក្នុងពូល B ដែលរាល់ការប្រកួតជម្រុះប្រចាំពូល B នេះត្រូវបានចាត់ទុកជាការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដោយមានន័យថា សិទ្ធិរបស់ក្រុមកាតា ដែលជាម្ចាស់ផ្ទះ គឺឈររង់ចាំស្រាប់នៅជុំផ្តាច់ព្រ័ត្រ។ ការប្រកួតជុំផ្តាច់ព្រ័ត្រនឹងមាន១៦ក្រុម ដែលជាបេក្ខភាពក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង១១ស្មើនឹង១១ក្រុម និង៤ក្រុមផ្សេងទៀត ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ល្អផ្តាច់គេ ក្នុងចំណោម១១ពូល បូករួមទាំងម្ចាស់ផ្ទះកាតា សរុប១៦ក្រុម។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC U23 Asian Cup Qatar 2024 គ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ដល់ថ្ងៃទី០ ៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា៕
ប្រភព៖ ក្រសួងព័ត៌មាន