ក្រុមពន្លត់អគ្គីភ័យរបស់កូរ៉េខាងត្បូងត្រូវបានបញ្ជូនទៅកាណាដា ហើយចាប់ផ្តើមប្រតិបត្តិការនៅទីក្រុងកេប៊ិក

0

បរទេស៖ ក្រុមពន្លត់អគ្គីភ័យបន្ទាន់របស់កូរ៉េខាងត្បូងបានបញ្ជូនទៅកាន់ប្រទេសកាណាដាដើម្បីជួយដល់ប្រទេសក្នុងតំបន់អាមេរិកខាងជើងមួយនេះ ក្នុងការដោះស្រាយបញ្ហាភ្លើងឆេះព្រៃដែលកំពុងឆេះ ដោយបានចាប់ផ្តើមធ្វើសកម្មភាពនៅនឹងកន្លែង។ នេះបើយោងតាមក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមក្រសួងនេះបានឱ្យដឹងថា ក្រុមសង្គ្រោះគ្រោះមហន្តរាយកូរ៉េខាងត្បូងដែលមានបុគ្គលិកចំនួន ១៥១នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ បុគ្គលិកសង្គ្រោះបន្ទាន់ និងបុគ្គលិកពេទ្យផងនោះ បានចាប់ផ្តើមប្រតិបត្តិការនៅតំបន់ឡេប៊ែល ស៊ូរ កេវីលឡុង (Lebel-sur-Quevillon) នៅទីក្រុងកេប៊ិក កាលពីថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

ក្រុមនេះបានទទួលការហ្វឹកហាត់ និងការត្រៀមខ្លួនបន្ទាប់ពីបានទៅដល់ប្រទេសនេះកាលពីថ្ងៃអាទិត្យ។ បុគ្គលិកទាំងអស់ត្រូវបានបែងចែកជាពីរក្រុម ហើយបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គិភ័យនៅភាគខាងជើង និងខាងត្បូងនៃតំបន់ឡេប៊ែល ស៊ូរ កេវីលឡុង។

ក្រុមការងាររបស់កូរ៉េខាងត្បូងគ្រោងជួយដល់អាជ្ញាធរពន្លត់អគ្គីភ័យកាណាដាប្រហែលមួយខែ។

ប្រទេសកូរ៉េខាងត្បូងបានសម្រេចបញ្ជូនក្រុមការងារនេះកាលពីសប្តាហ៍មុន បន្ទាប់ពីបានបើកកិច្ចប្រជុំអន្តរកម្មមួយស្តីពីការជួយដល់ប្រទេសកាណាដាជាមួយនឹងបញ្ហាភ្លើងឆេះព្រៃដែលបានប៉ះពាល់ដល់ផ្ទៃដីប្រហែល ៨,២លានហិកតានៅទូទាំងប្រទេស។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) បានសម្តែងក្តីសង្ឃឹមថា ការបញ្ជូនក្រុមការងារនេះនឹងក្លាយជាឱកាសមួយសម្រាប់ប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត ដើម្បីឈានទៅមុខលើសពីកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ៕

ប្រភព៖ ក្រសួងព័ត៌មាន