ភ្នំពេញ៖ កីឡាការិនី ជា កញ្ញា ដែលឈ្នះមេដាយមាសលើប្រភេទកីឡាចំបាប់លើវិញ្ញាសាទម្ងន់ ៧២គីឡូក្រាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា «មេដាយមាសរបស់ខ្ញុំ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរ១៦លាននាក់»។
កីឡាការិនី ជា កញ្ញា បានគូសបញ្ជាក់ដោយរំភើបរីករាយយ៉ាងដូច្នេះថា «នៅក្នុងការ ប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡារិនីឡាវ Sopha Tammavvong គឺមានការតានតឹងខ្លាំងណាស់ ហើយក៏មានអារម្មណ៍ភិតភ័យខ្លាំងណាស់ដែរ ប៉ុន្តែអារម្មណ៍មួយភ័យ និងអារម្មណ៍មួយទៀត គឺខ្ញុំចង់ឈ្នះការប្រកួត ដោយចង់ឈ្នះជាងភ័យ។ ដូច្នេះខ្ញុំត្រូវតែធ្វើឱ្យបាន។ មុនការប្រកួត វគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់មេដាយមាស ជា កញ្ញា បានប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រឹងប្រែង ឱ្យអស់ ពីសមត្ថភាពដែលខ្លួនមាន ដោយអាចធ្វើបានប៉ុណ្ណា គឺយកប៉ុណ្ណោះ ប៉ុន្តែសមត្ថភាព របស់ខ្ញុំ គឺអាចឈានដល់អ្វីដែលខ្ញុំប្រាថ្នាចង់បាន»។
«ខ្ញុំថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែល ផ្តល់ការគាំទ្រ លើកទឹកចិត្ត ហើយមេដាយមាសរបស់ខ្ញុំ គឺសម្រាប់ប្រជាពលរដ្ឋ១៦លាន នាក់។ ខ្ញុំក៏លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ចំបាប់ឱ្យប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងធ្វើ សម្រេចជោគជ័យ ដោយកុំមានអារម្មណ៍ភ័យខ្លាចគូប្រកួត ពីព្រោះការប្រកួតនៅទឹកដី របស់យើង ដោយមានប្រជាពលរដ្ឋទាំងអស់កំពុងគាំទ្រលើកទឹកចិត្តយើង។
កីឡាការិនី ជា កញ្ញា ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចពុក នាយករដ្ឋមន្ត្រី ដែលតែងតែជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ»។ ជា កញ្ញា បានបន្ថែម។
នេះជាមេដាយមាសទី៣ លើប្រភេទកីឡាចំបាប់កម្ពុជា ហើយក៏ជាមេដាយមាស ទី៦៦របស់ម្ចាស់ផ្ទះកម្ពុជា គិតត្រឹមវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
គួររម្លឹកថា កីឡាការិនីធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង លើវិញ្ញាសាចំបាប់សេរី ៦២គីឡូក្រាម កាលពីស៊ីហ្គេម លើកទី៣២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពី ខែឧសភា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ប្រភេទកីឡាចំបាប់នៃស៊ីហ្គេម ២០២៣មានវិញ្ញាសរុបចំនួន ៣០ ដំណើរប្រកួតពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខណៈលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានដាក់គោលដៅក្នុងស៊ីហ្គេម ២០២៣នេះ គឺមេដាយ មាសចំនួន៣គ្រឿង ដែលចំនួននេះបានសម្រេចតាមផែនការហើយ។ លោក ខេស៊ី បាណេត ដាក់ក្តីសង្ឃឹមថា ចំបាប់កម្ពុជានឹងបន្តស្វែងរកមេដាយបន្ថែមទៀត សម្រាប់ការប្រកួតថ្ងៃ ចុងក្រោយ នាថ្ងៃស្អែក៕
ប្រភព៖ ក្រសួងព័ត៌មាន