សម្តេចតេជោ ហ៊ុន សែន៖ ប្រជាជន ៨០% ក្តុកក្តួលពេលទស្សនាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដោយអ្នកខ្លះស្រក់ទឹកភ្នែក ដោយសារមោទនភាពជាតិ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានប្រជាជនប្រមាណ ៨០ភាគរយ មានការក្តុកក្តួលនៅពេលបានទស្សនា ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដោយអ្នកខ្លះស្រក់ទឹកភ្នែក ដោយសារមានមោទនភាពជាតិ  នឹងការសម្តែងដ៏អស្ចារ្យ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចំនួនជាង ៣ពាន់នាក់ សម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ហើយកម្ពុជាបានសុំការយោគយល់ពីសមាជិកអាស៊ានអស់ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ កម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ។

សម្តេចតេជោបានបន្ថែមថា មូល ដ្ឋាននៃការរៀបចំស៊ីហ្គេមនេះនឹងក្លាយ ជាមរកតសម្រាប់កូនចៅជំនាន់ក្រោយ ក្លាយជាកន្លែងសម្រាប់ប្រកួតកីឡាជាតិ និងអន្តរជាតិ។

«និយាយរួម អ្នកទើស មើលឃើញទើសរហូត ប៉ុន្តែអ្នកទើសម្នាក់ឯងទៅ។ ខ្ញុំគិតថា មនុស្សប្រហែលជា៨០ភាគរយ ក្តុកក្តួលនៅពេលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងការបើកស៊ីហ្គេម អ្នកខ្លះស្រក់ទឹកភ្នែក ប៉ុន្តែមិនស្រក់ទឹកភ្នែកដោយសារគេធ្វើបាបទេ ស្រក់ទឹកភ្នែកដោយសារមោទនភាពជាតិ នេះមិនមែនរបស់ ហ៊ុន សែន ហើយក៏មិនមែនរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា តែជារបស់មនុស្សទាំងអស់ជាជនជាតិកម្ពុជា»។

សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលរៀបចំ ឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានការចូលរួមទស្សនាដោយផ្ទាល់ពីប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិរាប់ម៉ឺននាក់ នៅឯពហុកីឡដ្ឋានជាតិមរកតតេជោ និងមានប្រជាពលរដ្ឋរាប់លាននាក់ទាំងជាតិ និងអន្តរជាតិ ទស្សនាការផ្សាយផ្ទាល់ ជាមួយនឹងទស្សនីយ ភាពសិល្បៈដ៏អស្ចារ្យ មិនដែលធ្លាប់ឃើញពីមុនមក៕

ប្រភព៖ ក្រសួងព័ត៌មាន