សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ស៊ីហ្គេមគឺជាកាតព្វកិច្ចរបស់បណ្ដាប្រទេសជាសមាជិអាស៊ាន ដែលពីរឆ្នាំម្ដង ប្រទេសជាសមាជិកត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះ

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស៊ីហ្គេមគឺជាកាតព្វកិច្ចរបស់បណ្ដាប្រទេសជាសមាជិអាស៊ាន ដែលពីរឆ្នាំម្ដង ប្រទេសជាសមាជិកត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងខណៈដែលមានមតិពីខាងក្រៅប្រទេសលើកឡើងថាជាការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាល រាប់ទាំងការមិនយកលុយពីបរទេសនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម ជាង៣ ០០០ នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ថ្ងៃនេះ នៅសល់តែរយៈពេលពីរថ្ងៃទៀតតែប៉ុណ្ណោះ ដែលបញ្ចប់បុណ្យរបស់ប្រជាជាតិខ្មែរទាំងមូល ដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមដ៏ជោគជ័យ។ សម្ដេចតេជោថ្លែងបញ្ជាក់ថា៖ «ការប្រកួតកីឡាស៊ីហ្គេមនេះ យើងមិនមែនគិតបញ្ហាឈ្នះ ចាញ់ ជ្រុលហួសហេតុពេកនោះទេ ប៉ុន្តែអ្វីដែលយើងគិតធំបំផុត គឺគិតទៅដល់ការធ្វើជាម្ចាស់ផ្ទះ ដែលផ្ដល់ឱ្យភ្ញៀវមកកាន់ប្រទេសរបស់យើង ទទួលបាននូវសេចក្ដីសុខ និងការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋរបស់យើង»។

សម្ដេចតេជោគូសបញ្ជាក់ថា ការសម្រេចចិត្តមិនលក់សំបុត្រសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងការមិនលក់សិទ្ធិផ្សព្វផ្សាយទៅបរទេស ព្រមទាំងការមិនយកប្រាក់ក្នុងកាតព្វកិច្ចចែងក្នុងកីឡាស៊ីហ្គេម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលសម្ដេចតេជោបានទទួលនូវការអរគុណ ពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានកាលពីពេលថ្មីនេះ។ សម្ដេចតេជោមានប្រសាសន៍បន្តថា កុំសម្លឹងហួសតែលើបញ្ហាមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម ត្រូវសម្លឹងមើលការគ្រប់គ្រងការប្រកួតមួយ ដែលផ្ដល់នូវចំណងមិត្តភាព ឱ្យទៅប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅថា អាស៊ានជាសហគមន៍តែមួយនោះ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ការមិនយកប្រាក់របស់កម្ពុជាពីការប្រកួតកីឡាស៊ីហ្គេម គឺមានគោលដៅច្រើនណាស់ ក្នុងគោលដៅអាស៊ាន គឺជា«សហគមន៍តែមួយ»។ ថ្ងៃក្រោយចង់ប្រទេសដទៃរៀបចំយ៉ាងម៉េច គឺជារឿងរបស់គេ ក៏ប៉ុន្តែកម្ពុជាគឺបានធ្វើនូវកិច្ចការងារនេះ តាមចក្ខុវិស័យការគិតគូរបស់ខ្ឡួន ដែលជាការរួមចំណែកសមាហរណកម្មប្រជាជនអាស៊ាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណជាមួយប្រទេសនានាទាំងអស់ ដែលបានបញ្ជូនកីឡាករ កីឡាការិនី និងផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ក៏បានផ្ញើជូនប្រជាជនចិន ជាពិសេសចំពោះឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង ដែលឯកឧត្ដម ក៏ដូចជា ប្រជាជនចិនបានផ្ដល់ជាអំណោយ នូវពហុកីឡដ្ឋានដ៏ស្រស់ស្អាត និងរឹងមាំប្រកបដោយសោភ័ណភាព ដែលជាឱកាសឱ្យកម្ពុជាមានមុខមាត់ ក្នុងការបើកស៊ីហ្គេមឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអរព្រះគុណ ចំពោះព្រះករុណា ព្រះបិតាព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានទុកជាកេរ្ត៍មរតកនូវពហុកីឡដ្ឋានជាតិអូឡាំពិក ដែលពេលនេះកូនចៅយកមកធ្វើជាទីកន្លែងនៃការប្រកួតកីឡាស៊ីហ្គេម បន្ទាប់ពី៦៤ឆ្នាំមូនដែលព្រះអង្គបានធ្វើនៅទីនោះ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអរព្រះគុណចំពោះព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលបានកោតសរសើរចំពោះរាជរដ្ឋាភិបាល ក្នុងការរៀបចំព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនេះជាមោទនភាពសម្រាប់ជាតិខ្មែរ ហើយយើងសង្ឃឹមថា នឹងបញ្ចប់ដោយជោគជ័យ ជាមួយគ្រប់យ៉ាងគឺសុវត្ថិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន