ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានលើកទឹកចិត្តនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឺងប្រែងរបស់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេមប្រព្រឹត្តិទៅដោយរលូននិងត្រឹមត្រូវតាមស្ដង់ដារស៊ីហ្គេម ស្តង់ដារតំបន់និងស្ដង់ដារអូឡាំពិក។ ការណ៍នេះ កម្ពុជាទទួលបានការកោតសរសើរពីមិត្តភក្តិបរទេសថា ព្រឹត្តិការណ៍កីឡានៅកម្ពុជាឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់ ស្របទៅនឹងការឃោសនារបស់យើងគឺ«កីឡាមិនមែនត្រឹមតែការប្រកួតយកមេដាយប៉ុណ្ណោះទេ»។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២គូសបញ្ជាក់ថា« អ្វីៗទាំងអស់ដែលបានឮរន្ទឺសុសសាយទាំងអស់នេះ មិនអាចកាត់ផ្ដាច់បានចេញពីការខិតខំ ការធ្វើការឃោសនា ការយកព័ត៌មានរបស់អ្នកយកព័ត៌មាន និងអ្នកផ្សព្សផ្សាយបានទេ ហើយមិនអាចមើលរំលង មិនអាចកាត់ផ្ដាច់ពីការខិតខំប្រឹងប្រែងរបស់គណៈកម្មការព័ត៌មានបាននោះទេ បើគ្មានការផ្សព្វផ្សាយ ទោះបីយើងធ្វើល្អប៉ុណ្ណា ក៏គ្មាននរណាដឹងដែរ នេះជាបញ្ហាជាក់ស្ដែងដែលខ្ញុំសូមកោតសរសើរ និងសូមអរគុណអ្នកទាំងអស់គ្នា»។
សូមរម្លឹកថា ព្រះរាជាណាចក្រកម្ពុជាបានបើកការប្រកួតកីឡាស៊ីហ្គេមនៅថ្ងៃទី០៥ ឧសភា ហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣ គិតត្រឹមថ្ងៃចន្ទនេះនៅសល់ត្រឹមតែពីរថ្ងៃទៀតប៉ុណ្ណោះ៕
ប្រភព៖ ក្រសួងព័ត៌មាន