ភ្នំពេញ៖ វីរកីឡាការិនី ស៊ន សៀវម៉ី ដែលឈ្នះមេដាយមាសលើប្រភេទកីឡាតេក្វាន់ដូ WT វិញ្ញាសា ៧៣គីឡូក្រាម នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ៖«ខ្ញុំសប្បាយចិត្តមែនទែន នេះជាការប្រកួតចុងក្រោយរបស់ខ្ញុំ ហើយនេះជាមេដាយមាសចុងក្រោយ ដែលខ្ញុំអាចរកបានជូនប្រទេសកម្ពុជាបាន»។
កីឡាការិនី ស៊ន សៀវម៉ី បន្ថែមថា «ខ្ញុំមានភាគរយខ្ពស់ ដោយសារខ្ញុំមានការតាំងចិត្តខ្ពស់ ប៉ុន្តែមិនអាចមើលស្រាលដៃគូប្រកួត ខ្ញុំបានខិតខំហ្វឹកហាត់ត្រៀម ទោះបីជាមានរយៈពេលខ្លីត្រឹមតែជាង១ខែប៉ុណ្ណោះក្តី ក៏ខ្ញុំមានក្តីសង្ឃឹមខ្ពស់ ដោយផ្តោតសំខាន់តែទៅលើកម្លាំង ចំណែកឯបច្ចេកទេសគឺអាចនិយាយថាខ្ញុំមានបទពិសោធន៍ស្រាប់»។
កីឡាការិនីឡាវ Sirimanotham Sonesavnh ដែលប្រកួតនៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ស្គាល់គ្នាពីមុនមកដែរ ហើយធ្លាប់ប្រកួតក្នុងប្រភេទទម្ងន់ជាមួយគ្នា ប៉ុន្តែមិនធ្លាប់បានប្រកួតជាមួយគ្នា ដោយសារកីឡាការិនីឡាវរូបនេះធ្លាក់ត្រឹមប៉ះជាមួយកីឡាការិនីហ្វីលីពីន។
ម្ចាស់មេដាយមាសរូបនេះបញ្ជាក់បន្ថែមទៀតថា «ពេលនេះយើងទទួលចំណុចខ្សោយខ្លួនឯង ដោយសារតែខ្ញុំបានឈប់ហាត់រយៈពេល៤ឆ្នាំមកហើយៗសម្រាប់ការប្រកួតនេះ លោកគ្រូបានប្រាប់ថា កុំឱ្យវាយសម្រុក ដូចពេលពីមុន ដោយសារពេលនេះកាយសម្បទា និងថាមពលកម្លាំងមិនពេញលេងដូចកាលពីពេលមុនទេ។ ដូច្នេះត្រូវវាយតាមកម្លាំង កុំសម្រុកពេក ដែលធ្វើឱ្យខ្ញុំទទួលបានជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ និងទទួលបានមេដាយមាសតែម្តង»។
«សម្រាប់ខ្ញុំពិតជាមានមោទនភាពជាតិសម្រាប់ប្រទេសកម្ពុជា ព្រោះនេះគឺជាក្តីស្រមៃរបស់ខ្ញុំ ចាប់តាំងពីខ្ញុំបានចូលលេងក្នុងវិស័យកីឡា។ ខ្ញុំធ្លាប់គិតថា នៅពេលស៊ីហ្គេម ២០២៣ ខ្ញុំមានអាយុ ២៨ឆ្នាំ ប្រហែលជាខ្ញុំប្រហែលជាមានគ្រួសារ និងកូនហើយៗមកអង្គុយមើលខ្ញុំប្រកួត។ ពេលនេះ គឺខ្ញុំអាចធ្វើបានបែបនេះមែន។ ការចូលរួមប្រកួតប្រជែងមេដាយមេដាយជូនជាតិ នាពេលនេះ គឺខ្ញុំចង់ទុកអនុស្សាវរីយ៍ កេរ្តិ៍ឈ្មោះ សម្រាប់ជាតិ ក៏ដូចជាចង់ឱ្យមានការចងចាំល្អៗដល់កូនរបស់ខ្ញុំផងដែរ»។ ស៊ន សៀវម៉ី បានបញ្ជាក់បន្ថែម។
មុនលាឈប់ពីវិស័យកីឡាតេក្វាន់ដូ WT ម្ចាស់មេដាយមាស ស៊ន សៀវម៉ី បានផ្ញើសារផ្តាំផ្ញើដល់កីឡាករ កីឡាការិនីជំនាន់ក្រោយៗនេះខិតខំប្រឹងប្រែងដើម្បីឱ្យបានជោគជ័យ ដោយពេលនេះមិនជោគជ័យ គឺនៅពេលណាមួយប្រាកដជាជោគជ័យជាក់ជាមិនខាន។ ស៊ន សៀវម៉ី បានអះអាងថា៖ «មុនពេលឈានមកដល់ចំណុចនេះ ខ្ញុំក៏ធ្លាប់រងនូវភាពបរាជ័យជាច្រើនផងដែរ»។
ជាចុងក្រោយ កីឡាការិនី ស៊ន សៀវម៉ឺ ក៏ថ្លែងអំណរគុណ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកម្ពុជា ដែលជាជនជាតិកូរ៉េខាងត្បូង ដែលលោកប្រៀបបាននឹងឪពុកទី២តែងតែផ្តល់ការលើកទឹកចិត្តគាំទ្រសៀវម៉ី ក៏ដូចជាបានលះបង់ធំធេងសម្រាប់កម្ពុជាជិត ៣០មកហើយ។នេះជាប្រកួតចុងក្រោយ និងជាមេដាយមាសចុងក្រោយរបស់កីឡាការិនី ស៊ន សៀវម៉ី នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ អ្វីដែលពិសេស ម្ចាស់មេដាយមាសស៊ីហ្គេមជាច្រើនជំនាន់រូបនេះ ក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ដែលជាបទពិសោធន៍ និងជាមោទនភាពរបស់ប្រទេសកម្ពុជា។
គួររម្លឹកថា វីរកីឡការិនី ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាសកីឡាអាស៊ី (ASIAN GAMES) លើកទី១៧ នៅសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសស៊ីហ្គេម៤ជំនាន់ ពោលគឺស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា, ស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី, ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។ សៀវម៉ី ក៏ជាបេក្ខភាពតែម្នាក់គត់របស់កម្ពុជាលើប្រភេទកីឡាតេក្វាន់ដូ WT ដែលបានប្រកួតជម្រុះជាប់ប្រចាំទ្វីបអាស៊ី និងបានឆ្លងចូលកីឡាអូឡាំពិក (Olympic Games) កាលពីឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា