ភ្នំពេញ៖ ក្រុមកីឡាការិនីវាយសីជាក្រុមថៃបានទទួលមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ ក្រោយ យកឈ្នះក្រុមឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅសាលកីឡាវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រុមកីឡាការិនីវាយសីជាក្រុមថៃបានប្រកួតជាមួយក្រុមឥណ្ឌូណេស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះក្រុមសិង្ហបុរី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលក្រុមឥណ្ឌូណេស៊ីឈ្នះក្រុមកីឡាការិនីវាយសីជាក្រុមហ្វីលីពីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃម្សិលមិញនេះ។
នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមកីឡាការិនីវាយសីជាក្រុមថៃបានយកឈ្នះដោយ ៣ទល់ ០ ទៅលើក្រុមឥណ្ឌូណេស៊ី ដោយនៅក្នុងការប្រកួតទោលជុំទីមួយ កីឡាការិនីថៃ LalinratChaiwanបានយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី KomangAyuCahyaDewi ដោយពិន្ទុ ២១ទល់១៩ នៅក្នុងសិតទីមួយ និង ២១ទល់១៧ នៅក្នុងសិតទីពីរ ហើយនៅក្នុងការប្រកួតទោលជុំទីពីរ កីឡាការិនីថៃ SupanidaKatethong បានយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Ester Nurumi Tri Wardoyoដោយពិន្ទុ២១ទល់១១ នៅក្នុងសិតទីមួយ និងពិន្ទុ ២១ទល់១២ នៅក្នុងសិតទីពីរ។ ឈានចូលដល់ការប្រកួតជាគូជុំទីមួយវិញ ក្រុមកីឡាការិនីថៃ Jongkolphan Kititharakul និងកីឡាការិនី Rawinda Prajongjai បានយកឈ្នះដៃគូប្រកួតក្រុមឥណ្ឌូណេស៊ីដែលមានកីឡាការិនី AmalliaCahayaPratiwi និងកីឡាការិនី FebrianaDwipuji Kusuma ដោយពិន្ទុ ២១ទល់១១ ក្នុងសិតទីមួយ និង ២១ទល់១៥ ក្នុងសិតទីពីរ។
ក្រោយយកឈ្នះនៅក្នុងការប្រកួតទាំងបីប្រភេទក្នុងវិញ្ញាសារវាយសីជាក្រុមនារីនេះ បានធ្វើឱ្យក្រុមកីឡាការិនីវាយសីជាក្រុមថៃក្លាយជាម្ចាស់មេដាយមាសសម្រាប់កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា