បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា ដែលព្រឹត្តកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្ដឹងឈ្មោះ ហេង គឹមអុន ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា សុខគា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បន្តថា កាលពីវេលាកេីតហេតុជនសង្ស័យឈ្មោះ ជា សុខគា បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះឈ្មោះ ហេង គឹមអុន ហើយបានយកកាំបិត កាប់ទៅលើជនរងគ្រោះត្រូវចំក្បាលផ្នែកខាងស្ដាំ និងផ្លាតទៅចំស្មាខាងស្ដាំបន្ថែមទៀតបណ្តាលឱ្យរងរបួសធ្ងន់។
ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្ដការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងកាំបិតកែច្នៃប្រវែង៧០សង់ទីម៉ែត្រចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលេីជនរងគ្រោះបណ្ដាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ៕
ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ