យោងតាមគេហទំព័រ Fichajes បានអោយដឹងថាក្លឹប Barcelona បានកំណត់អត្តសញ្ញាណ Christensen ជាកីឡាករមួយរូប ដែលពួកគេចង់លក់នៅរដូវក្តៅនេះ ដើម្បីឲ្យស្របតាមច្បាប់ Financial Fair Play។
កីឡាករអន្តរជាតិដាណឺម៉ាករូបនេះមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងរដូវកាលនេះ ហើយក៏ទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅ Premier League ចំនួនបីគឺ Newcastle United, Tottenham Hotspur និង Aston Villa ។
Newcastle United បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង Premier League។ ពួកគេទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រក្រោមការដឹកនាំរបស់លោក Eddie Howe ក្នុងរដូវកាលនេះ ហើយចង់ប្រជែងយកពាន Premier League នៅរដូវកាលក្រោយ។ ពួកគេមានខ្សែការពារកណ្តាលជម្រើសដំបូង Fabian Schar និង Sven Botman ហើយចង់នាំយក Christensen មកបន្ថែមក្នុងតំបន់ការពាររបស់ពួកគេអោយកាន់តែរឹងមាំ។
ចំណែក Tottenham Hotspur បានបញ្ជាក់ថា Christensen នឹងក្លាយជាជម្រើសដំបូងសម្រាប់ក្រុម។ Eric Dier និង Davinson Sanchez ត្រូវបានក្លឹបអស់ភាពជឿជាក់លើកីឡាករ២រូបនេះ ហើយក្លឹបគិតថាអតីតកីឡាករ Chelsea អាចជួយក្រុមអោយមានភាពល្អប្រសើរ។
រីឯ Aston Villa ស្ថិតក្រោមការដឹកនាំរបស់លោក Unai Emery ក្នុងរដូវកាលនេះហាក់មានភាពល្អប្រសើរឡើង ហើយគ្រូបង្វឹករូបនេះចង់បានខ្សែការពារកណ្តាលដែលមានសមត្ថភាព ដើម្បីប្រជែងដណ្តើមយកកៅអី Champions League នៅរដូវកាលក្រោយ ដោយក្លឹបគិតថា Christensen អាចជាជម្រើសដ៏ល្អសម្រាប់ពួកគេ៕