ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានណែនាំ ឱ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋដែលស្រឡាញ់ចូលចិត្តកីឡា ជាពិសេសការចូលទស្សនាបាល់ទាត់ ក្នុងកីឡាស៊ីហ្គេម សូមរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងហាមផ្លោះរបងចូលទីលានប្រកួត។
ក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២៩ ខែមេសា ការប្រកួតបាល់ទាត់ នឹងត្រូវចាប់ផ្តើម ដូច្នេះសម្តេចបានណែនាំឱ្យប្រជាពលរដ្ឋ កុំសម្រុកចូលទៅមើល ត្រូវរក្សាសណ្តាប់ធ្នាប់ ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ព្រោះជាបទពិសោធន៍ឆ្នាំ២០១៦ នៅពេល ក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយប្រទេសទីម័រខាងកើត មានបងប្អូនមួយចំនួន បានផ្លោះរបងចូល ទស្សនា ដែលធ្វើឱ្យបាត់នូវសណ្តាប់ធ្នាប់។ សម្តេចតេជោ ក៏បានរំលឹក ពីការរត់ជាន់គ្នាស្លាប់នៅលើ ស្ពាន កោះពេជ្រ ដោយសូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងរក្សាសណ្តាប់ធ្នាប់ កុំឱ្យមានគ្រោះថ្នាក់ណា មួយកើតឡើងជាយថាហេតុ។
សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ឱ្យបញ្ចាំងស្លាយ (LED) សម្រាប់បញ្ចាំង ផ្សាយបន្តផ្ទាល់ពីការបើក-បិទនិងការប្រកួតស៊ីហ្គេម ដើម្បីបងប្អូនមានលទ្ធភាពមើលពីខាងក្រៅផងដែរ។
សម្តេចតេជោ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សានូវភាពថ្លៃថ្នូរ ព្រោះក្នុងឋានៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលបានចំណាយលុយរាប់រយលានដុល្លារក្នុងការរៀបចំ ហើយបែរជាមានហិង្សាក្នុងការ ប្រកួត អ្វីដែលបានខិតខំប្រឹងប្រែងនិងការចំណាយលុយរាប់រយលានដុល្លារនោះ គឺបោះចោល ឥតប្រយោជន៍ទាំងអស់។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានធ្វើការរង់ចាំអស់រយៈពេល៦៤ឆ្នាំដើម្បីធ្វើជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងខិតខំប្រឹងប្រែងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេល៥ឆ្នាំ ផងដែរ។
« សូមអំពាវនាវប្រជាពលរដ្ឋរបស់យើងសូមមេត្តា រៀបចំឥរិយាបថថ្លៃថ្នូរ សម្រាប់ទទួលស៊ីហ្គេម ហើយសូមឱ្យគ្រប់រាជធានីខេត្តទាំងអស់រៀបចំឱ្យបានច្រើនកន្លែង កន្លែងសម្រាប់ប្រជាជនមើល ពេលបើកហ្នឹងគាត់ចង់មើលណាស់ អ៊ីចឹងយើងរៀបចំដាក់ទៅ ស្លាយឱ្យគាត់មើល ទីតាំងឱ្យល្អ ឱ្យគាត់មើល ឱ្យគាត់សប្បាយ ក្នុងឋានៈជាម្ចាស់ផ្ទះប្រកបដោយភាពថ្លៃថ្នូរ និងសូមកុំសម្រុកចូលទីកន្លែង ដែលយើងគ្មាន សំបុត្រ ព្រោះសំបុត្រគេបានកំណត់ ថាឥឡូវចូលបានប៉ុន្មានម៉ឺននាក់ ត្រូវចូលតាមទ្វារណា នៅក្នុងតំបន់ ណា កៅអីលេខប៉ុន្មាន គេមានអ៊ីចឹង ហើយបើយើងទៅលើសពីហ្នឹងក៏វាអត់បានដែរ ។ នៅពេលដែលមានការប្រកួតកុំលេងគប់ទឹក ដបទឹកសុទ្ធ ចូលទៅក្នុងកន្លែងទីលានប្រកួត មិនមែនជា ទម្លាប់របស់ខ្មែរទេ ខ្ញុំជឿថាខ្មែរធ្វើបាន មិនមែនមិនអាចធ្វើបានទេ គឺខ្មែរធ្វើបានហ្មង »។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជានៅសល់ ៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និង ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕
ប្រភព៖ ក្រសួងព័ត៌មាន