ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចាំឱ្យបានថា ខ្លួនឯងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ ដោយត្រូវតែយកប្រជាជនជាគោលដៅអាទិភាពដែលមន្ត្រីរាជការគ្រប់រូបត្រូវបម្រើឱ្យប្រជាជន។ ក្នុងពិធីបិទ និងបើកវគ្គបណ្តុះ បណ្តាលមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន ប្រសាសន៍ថា ទោះបីជាការងារតូចតាចក៏ត្រូវតែធ្វើដែរ សូមកុំចាត់ទុករាស្ត្រជាបញ្ហាតូចតាច រឿងធំក៏ត្រូវតែធ្វើ ទោះរឿងតូចក៏ត្រូវតែធ្វើដែរ។ សម្តេចតេជោ ក៏សូមអំពាវនាវ និងរំលឹកដល់មន្ត្រីគ្រប់រូប សូមកុំភ្លេច ខ្លួនឱ្យសោះថា ខ្លួនឯងជានរណា មន្ត្រីត្រូវតែបម្រើប្រជារាស្រ្តដោយស្មោះត្រង់ មិនមែនជាចៅហ្វាយលើរាស្ត្រនោះឡើយ សូមកុំក្បត់ឧត្តម គតិខ្លួនឱ្យសោះ ។
សម្តេច តេជោ បានបញ្ជាក់ ជាថ្មីម្តងទៀត ដើម្បីជាការពញ្ញាក់ស្មារតីដល់មន្រ្តីរាជការទាំងអស់ក្រោយបុណ្យចូល ឆ្នាំថ្មីដោយ សម្តេចបានបង្ហោះវីដេអូ ដោយភ្ជាប់នឹងសារមួយថ្លែងថា មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។ « អ្វីដែលខ្ញុំគួររំលឹក ចំពោះមន្ត្រីរបស់យើង ជានិច្ចកាល ខ្ញុំតែងនិយាយ ដំបូងបំផុតមន្ត្រីរបស់យើង ត្រូវរំលឹកខ្លួនឯងថា យើងគឺអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជននោះទេ ត្រូវចាំកន្លែងនេះ ។កុំអាងបានធ្វើមន្ត្រី ហើយប្រើ អំណាចទាំងទទឹងទិស ត្រូវចាំឱ្យបានថាយើងគឺអ្នកបម្រើ ដ៏ស្មោះ ត្រង់ របស់ប្រជាជន មិនមែនជាចៅហ្វាយប្រជាជននោះទេ ត្រូវចាំឱ្យជាប់ បើមិនកាន់ក្តាប់ឱ្យជាប់កន្លែងនេះទេ មន្ត្រីនេះងាយនឹងរបូត ហើយនៅពេល របូតទៅទៀតនោះ មុខក៏គេមិនចង់មើលដែរ ព្រោះជាការស្អប់របស់ប្រជាជន ដែលជាទង្វើមិនល្អ របស់មន្ត្រីទាំងនោះ ។
ដូច្នេះសូមឱ្យមានការយកចិត្តទុកដាក់ ទៅលើការអប់រំ គុណធម៌ សីលធម៌ របស់មន្ត្រីរបស់យើង ខ្លួនជាអ្នក បម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជននោះទេ។ ហើយខ្ញុំឃើញសង្កេតថា វាពិតមែនមិនស្មើៗគ្នា ក៏ចំនួនមន្ត្រី បម្រើប្រជាជន នៅកៀកជិតប្រជាជន គឺកាន់តែប្រសើរ »៕
ប្រភព៖ ក្រសួងព័ត៌មាន