ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនី អត្តពលកម្មជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកពីការ បោះជំរំហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនវិញហើយ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម ២០២៣ ខណៈគុណភាពបច្ចេកទេស មានការរីកចម្រើនខ្លាំង ដោយសារការហ្វឹកហាត់នៅលើតំបន់ភ្នំដែលមានសីតុណ្ហភាព ទាបបំផុត។
កីឡាករអត្តពលកម្ម ប៉ែន សុខគង់ លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ និង២០០ម៉ែត្រ ផ្ទៃរាប គូបសញ្ជាក់ថា ក្រោយការហ្វឹកហាត់នៅប្រទេសចិន រយៈពេលប្រមាណ៧ខែ គឺកីឡាករ កីឡាការិនី គ្រប់វិញ្ញាសាទាំងអស់ បានកើនឡើងគុណភាពបច្ចេកទេសខ្ពស់តែម្តង ដោយសារការបោះជំរំហ្វឹកហាត់នៅចិន គឺហាត់នៅលើភ្នំ ដែលមានសីតុណ្ហភាពទាប ពោលគឺខ្ពស់ជាងនីវ៉ូទឹកសមុទ្រជាង២០០០ម៉ែត្រ។
ជាមួយគ្នានេះ មិត្តចិនបានផ្តល់ការឧបត្ថម្ភលើការហូបចុក ស្នាក់នៅ រួមទាំងផ្តល់ គ្រូបង្វឹកល្អៗ ក្នុងការបង្វឹកយ៉ាងយកចិត្តទុកដាក់បំផុតដល់ក្រុមជម្រើសជាតិកម្ពុជា។ ម្យ៉ាង ទៀត ក្រុមអត្តពលិកអត្តពលកម្មកម្ពុជាក៏បានហ្វឹកហាត់រួមជាមួយនឹងក្រុមអត្តពលិកចិន នៅទី នោះដែរ ដោយអត្តពលិកកម្ពុជាទទួលបានការចែករំលែកបទពិសោធន៍ជាច្រើនទៀតផង។
ជម្រើសជាតិអត្តពលកម្មរូបនេះសង្កេតឃើញថា សិទ្ធផលរបស់ក្រុមអត្តពលកកម្ម កម្ពុជា មានលក្ខណៈល្អប្រសើរ ហើយពួកគាត់រំពឹងថា ការប្រកួតកីឡាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អជាក់ជាពុំខាន។
កីឡាករ ប៉ែន សុខគង់ ក៏បានប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងឱ្យ អស់ពីសមត្ថភាព ដែលខ្លួនមាន ដើម្បីកសាងកំណត់ត្រាថ្មីមួយ សម្រាប់ការប្រកួតស៊ីហ្គេម ២០២៣នៅកម្ពុជា ដោយសារការហ្វឹកហាត់នៅប្រទេសចិន ដែលនៅតំបន់ភ្នំដែលមានកម្រិតសីតុណ្ហភាព ទាបបំផុត គឺជាឱកាសដ៏ល្អ ក្នុងការបង្កើនសិទ្ធផលកាន់តែខ្ពស់ សម្រាប់ការប្រកួតនៅ លើផ្ទៃរាបធម្មតា។
ជាចុងក្រោយ កីឡាករចូលរួមប្រកួតអូឡាំពិកហ្គេម ទីក្រុងទីក្រុងតូក្យូជប៉ុន ឆ្នាំ២០២១ រូបនេះ បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរមេត្តាផ្តល់ការគាំទ្រគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់ រយៈពេល ៦៤ឆ្នាំ។
សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជាបានចេញទៅហ្វឹកហាត់រយៈពេល៦ខែ នៅប្រទេសចិន ចំនួន១២ប្រភេទកីឡា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣នេះ ក្រោមជំនួយ ឥតសំណងលើការហ្វឹកហាត់ពីរដ្ឋាភិបាលចិន ក្រៅអំពីជំនួយឥតសំណងលើហេដ្ឋា រចនាសម្ព័ន្ធពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ អាម៉េរិក។ ១២ប្រភេទកីឡាកម្ពុជា ដែលហ្វឹកហាត់នៅប្រទេសចិនមានចំនួនកីឡាករ កីឡាការិនីសរុប ១៤១នាក់ និងគ្រូបង្វឹក ១៣នាក់ ស្មើនឹង ៧៨វិញ្ញាសា ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា សម្រាប់ប្រភេទកីឡាអត្តពលកម្ម ស៊ីហ្គេម ២០២៣ មានវិញ្ញាសា សរុបទាំងបុរស-នារី ចំនួន ៤៧វិញ្ញាសា ស្មើនឹង ៤៧មេដាយមាស ដោយ ប្រភេទកីឡាអូឡាំពិកមួយនេះ គឺជាប្រភេទកីឡាកាតព្វកិច្ចជាមួយប្រភេទកីឡាហែលទឹក ដែលត្រូវដាក់បញ្ចូលជាដាច់ខាត ក្នុងព្រឹត្តិការណ៍ហ្គេមធំៗ រួមទាំងស៊ីហ្គេមផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា