ពោធិ៍សាត់៖ ជនសង្ស័យឈ្មោះ ជួន ណារី ភេទប្រុស ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកណ្តៀង ចាប់ឃាត់ខ្លួនក្រោយធ្វើសកម្មភាព បង្កហឹង្សាក្នុងគ្រួសារ និងគំរាមសម្លាប់ប្រពន្ធ ករណីកើតឡើងនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោកវរសេនីយ៍ទោ កែ ហុងឈាង អធិការ រងនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១០និង២០ នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹងពីឈ្មោះ សាម គឹមហាង ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ.ឃុំខាងលើ បានដាក់ពាក្យបណ្តឹងប្តឹងពីឈ្មោះជួនណារី ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្តី ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយគំរាមកំហែងថានឹងសម្លាប់មកលើរូបខ្លួនដែលជាប្រពន្ធ ក្រោយជួបហេតុការណ៍ដូចនេះស្ត្រីរងគ្រោះបានសំណូមពរសុំអោយសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ នឹងផ្តន្ទាទោសតាមច្បាប់ ។
លោកអធិការរង បានបន្តថាបន្ទាប់ពីបានទទួលបណ្តឹងនិង សំណូមពរពីជនរងគ្រោះខាងលើ សមត្ថកិច្ចបានគោរពរាយការណ៍ស្នើសុំគោលការណ៍ពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានអនុញ្ញាតអោយសមត្ថកិច្ចឃាត់ខ្លួនឈ្មោះជួន ណារី យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំចំណាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ