សម្តេចតេជោ អំពាវនាវឱ្យការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះដើមត្នោតបន្ថែមទៀត

0

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោត ។

តាមរយៈសារលិខិត ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមាន ប្រសាសន៍ថា  “ស្ករត្នោតកំពង់ស្ពឺ” ដែលបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ហើយបន្ទាប់មកបានចុះបញ្ជីការពារនៅបណ្តាប្រទេសចំនួន២៩ផ្សេង ទៀត។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ មាន កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ធ្វើឱ្យមាន ការកើនឡើងតម្រូវការទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលបាននាំចេញទៅកាន់ សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក កូរ៉េ ជប៉ុន និងថៃ។

សម្តេចតេជោ បានបន្តថា ការចុះ បញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ស្ករត្នោតកំពង់ស្ពឺ បានកំណត់យកតំបន់ភូមិសាស្ត្រចំនួន៣ រួមមាន ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នួល ដែលមានដើមត្នោតសរុបប្រមាណ ៣០ ០០០ (សាមសិបពាន់)ដើម ប៉ុន្តែបច្ចុប្បន្ននេះ គឺមានតែដើមត្នោតចំនួន ៣ ៦៣៧ ដើម ដែលអាចផលិតស្ករត្នោតបានបរិមាណ២៥០ តោនប៉ុណ្ណោះ ដែលបាននិងកំពុងអាស្រ័យផលដោយគ្រួសារចំនួន១៥៣ ជាសមាជិកសមាគមលើកកម្ពស់ស្ករ ត្នោតកំពង់ស្ពឺ។

សម្តេចតេជោបានបន្តទៀតថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានរួមចំណែកបង្កើនតម្លៃស្ករត្នោតកំពង់ស្ពឺ បង្កើតការងារ លើកកម្ពស់ជីវភាព និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមអភិរក្សដើម ត្នោតដែលជា អត្តសញ្ញាណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការអភិរក្សធនធានដើមត្នោត ប្រជាពលរដ្ឋបានបន្តថែរក្សា កេរដំណែលចំណេះដឹងជាប្រពៃណី និងឧបករណ៍បុរាណពាក់ព័ន្ធនឹងការផលិតស្ករត្នោត ដែលជាសម្បត្តិវប្បធម៌ សម្រាប់ការពារអត្ត សញ្ញាណជាតិ និងជាគោលដៅទាក់ទាញទេសចរ។

ទោះបីយ៉ាង នេះក្តី អាស្រ័យដោយការលូត លាស់សេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យមានកំណើនវិស័យ ឧស្សាហកម្ម និងសេវាកម្ម ដែលស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន និងផ្តល់ប្រាក់ ឈ្នួលខ្ពស់ ព្រមទាំងការឡើងថ្លៃ អចលនទ្រព្យ បានធ្វើឱ្យប្រជាពល រដ្ឋបោះបង់មុខរបរផលិតស្ករត្នោត ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះការធ្លាក់ចុះផលិតផលស្ករត្នោត និងការបាត់បង់ដើមត្នោតដែលជាអត្តសញ្ញាណជាតិ។ ដូច្នេះសម្តេចតេជោ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ មេត្តាយកចិត្តទុកឱ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះដើមត្នោតបន្ថែមទៀត ព្រមទាំងទាញយក អត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោត៕

ប្រភព៖ ក្រសួងព័ត៌មាន