William Saliba ទំនងជានឹងអវត្តមាន ក្នុងការប៉ះក្រុម Manchester City ដែលជាការប្រកួតដ៏សំខាន់របស់ Arsenal ខណៈដែលគាត់មិនទាន់ជាសះស្បើយពេញលេញពីរបួសកាលពីខែមីនា។
ខ្សែការពារសញ្ជាតិបារាំងរូបនេះមិនបានលេងឱ្យ Arsenal ចាប់តាំងពីមានរបួសខ្នងក្នុងការប្រកួតពានរង្វាន់ Europa League របស់ពួកគេជាមួយនឹងក្រុម Sporting CP កាលពីខែមីនា។ គាត់បានខកខានការប្រកួតចំនួន 5 លើកចុងក្រោយរបស់ Arsenal ។
ការអវត្តមានរបស់ Saliba អាចបង្ហាញថាជាបញ្ហាដ៏ធំមួយចំពោះការដណ្តើមពានរបស់ Arsenal នៅរដូវកាលនេះ។ ក្នុងចំណោមការប្រកួតទាំងប្រាំ ដែលខ្សែការពាររូបនេះបានខកខានមកទល់ពេលនេះ ក្រុមកាំភ្លើងធំបានឈ្នះតែពីរប្រកួតប៉ុណ្ណោះ ខណៈដែលការប្រកួតចំនួនបី បានបញ្ចប់ដោយលទ្ធផលស្មើ។
ក្រុមកាំភ្លើងធំបានរបូតគ្រាប់បាល់ចំនួន 9 គ្រាប់ក្នុងការប្រកួត Premier League បីលើកចុងក្រោយ។ ពួកគេនៅតែនាំមុខ 5 ពិន្ទុនៅលើកំពូលតារាង ប៉ុន្តែ Manchester City នៅសល់ចំនួនពីរប្រកួតទៀត។
របួសខ្នងរបស់ខ្សែការពារវ័យ 22 ឆ្នាំអាចកាន់តែអាក្រក់ទៅៗ ប្រសិនបើគាត់មិនបានសម្រាកឱ្យបានគ្រប់គ្រាន់ ហើយត្រូវប្រញាប់ទៅទីលានប្រកួត ដោយសាររបួសនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការប៉ះពាល់ដល់ឆ្អឹងចង្កេះរបស់គាត់ផងដែរ៕