ការលក់សិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៥០ភាគរយ

0

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានឱ្យដឹងថា ការលក់សិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៥០ភាគរយ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន និងការផ្សព្វផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការលក់សិទ្ធិក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺលក់កម្ពុជាទៅពិភពលោក ឱ្យពិភពលោកសម្លឹងមកកម្ពុជាទាំងអស់គ្នា ឱ្យឃើញថា កម្ពុជាមាន សក្ដានុពលវប្បធម៌ សក្ដានុពលទេសចរណ៍ សក្ដានុពលសេដ្ឋកិច្ច និងឱ្យឃើញថា ប្រជាជនកម្ពុជា ពិតជាប្រជាជន ដែលមានអរិយធម៌ខ្ពស់ ផ្ដល់នូវភាពកក់ក្ដៅដល់ភ្ញៀវ ដែលចូលរួមកីឡាស៊ីហ្គេម។

ឯកឧត្តម បានបញ្ជាក់ថា មកដល់ពេលនេះ ដំណើរការលក់សិទ្ធិផ្សាយបានឈានដល់សម្រេចបាន ៥០ភាគរយ ពោលគឺមានទូរទស្សន៍ក្រៅប្រទេសចំនួន ៤ហើយដែលបានទិញសិទ្ធិផ្សាយ រួមមាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី បូករួមទាំងកម្ពុជា ដែលមានទូរទស្សន៍កីឡាកម្ពុជា (CSTV) ជាអ្នករក្សាសិទ្ធិផ្សាយ សហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

 « មុននេះយើងឃើញហើយ យើងមានវៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ៤,៥ ទូរទស្សន៍ ហើយ រួមទាំងកម្ពុជារបស់យើងមានទូរទស្សន៍កីឡាកម្ពុជា (CSTV) របស់យើង ក៏ជាអ្នកចែកផ្សាយធំមួយ ផងដែរ ដែលត្រូវទទួលសិទ្ធិរៀបចំការងារនេះ ហើយនឹងសហការជាមួយនឹងទូរទស្សន៍ជាតិកម្ពុជា របស់យើង។ ខាងក្នុងស្រុករបស់យើង គឺយើងអត់មានប៉ះពាល់ថវិកាអីទាំងអស់ គឺយើងផលិត ហើយរៀបចំ ផ្សាយដោយសេរី ដោយឥតគិតថ្លៃ យើងលក់សិទ្ធិតែទៅក្រៅប្រទេសទេ ដែលគាត់ទិញសិទ្ធិពីយើងទៅ បន្តទៅឱ្យប្រជាជនរបស់គាត់ទស្សនា ព្រោះនៅស្រុកគេអ្វីក៏អត់ freeដែរ ព្រឹត្តិការណ៍ធំៗបែបនេះ។ អុីចឹងយើងឃើញថា យើងបានឈានទៅដល់មួយជំហានអាចនិយាយបានថា ជិត៥០ភាគរយហើយ ក្នុងចំណោម ១០ប្រទេស ដែលមកទល់ពេលនេះ មិនទាន់ដល់ពេលប្រកួតផង តែការលក់សិទ្ធិរបស់យើង បាន ៥០ភាគរយរួចទៅហើយ អ៊ីចឹងបានន័យថា យើងមានការគាំទ្រ ៥០ភាគរយហើយ ដែលស្ថិតក្នុង ដំណើរវិជ្ជមាននេះ ឆ្ពោះទៅរកជោគជ័យសម្រាប់យើងដល់ប្រទេសផ្សេងៗទៀត។

ទាក់ទងនឹងសិទ្ធិផ្សាយនេះ ឯកឧត្តម វ៉ាត់ ចំរើន មិនរំពឹងសង្ឃឹមថា ប្រទេសតូចៗខ្លះគាត់នឹងទិញនោះទេ ប៉ុន្តែទោះបីជាប្រទេសតូចៗដែលមិនបានទិញសិទ្ធិក៏ដោយ បើគាត់សំណូមពរអ្វី កម្ពុជានឹងបញ្ជូនឱ្យគាត់ ផងដែរ។ កម្ពុជានឹងធ្វើឱ្យមានភាពកក់ក្ដៅ និងស្មើភាពគ្នា មិនឱ្យមានអ្នកណាមួយមានបញ្ហាទៅលើការ ផ្សព្វផ្សាយនេះទេ»។

ឯកឧត្តម បានរំពឹងដែរថា បន្ទាប់ពីកម្ពុជាធ្វើសន្និសីទសារព័ត៌មានជាតិ និងអន្តរជាតិនៅពេលនេះហើយ គឺកម្ពុជានឹងទទួលបាននូវការចូលរួមការទិញសិទ្ធិ ឬក៏ការចូលរួមក្នុងការផ្សព្វផ្សាយពីស៊ីហ្គេមកម្ពុជា កាន់តែផុសផុល និងសម្រេចបាននូវគោលដៅ ១០០ភាគរយ។

ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាដល់បណ្ដាញសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយពីកម្ពុជា ពីគ្រប់ទិដ្ឋភាពនៃសក្ដានុពលរបស់កម្ពុជា ហើយជួយផ្សព្វផ្សាយពីភាពវិជ្ជមាន ការអប់រំ ទេសចរណ៍ ពីភាពរម្យទម និងទឹកចិត្តដ៏ល្អរបស់កម្ពុជា ដែលប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៥០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ស៊ីហ្គេមនឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី ០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ៕

ប្រភព៖ ក្រសួងព័ត៌មាន