ភ្លើងគប់ កីឡាករ អាស៊ាននឹងដង្ហែ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិ​ត្រពាំងគ្រៀល នៃទឹកដីខេត្តស្ទឹងត្រែង

0

ស្ទឹងត្រែង៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធ នៅខេត្តស្ទឹងត្រែង ចុះពិនិត្យទីតាំងរៀបចំ វេទិកា ធ្វើពិធីប្រគល់ទទួលភ្លើងគប់ ដែលដង្ហែ ឆ្លងកាត់ប្រទេសឡាវចូលមកប្រទេសកម្ពុជា តាមច្រក ព្រំដែនអន្តរជាតិត្រពាំងគ្រៀល ដើម្បីបង្ហាញគោលការណ៍ បីយ៉ាងសំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ។ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារដង្ហែភ្លើងគប់ នៅទីតាំងច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ថ្ងៃទី១៦មីនាឆ្នាំ២០២៣ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖កិច្ចប្រជុំស្តីពីពិធីប្រគល់ទទួលភ្លើងគប់នេះកាន់តែក្រើនរម្លឹកឱ្យយើង រាប់ថយក្រោយ ចាប់ពីថ្ងៃទី១៧មីនាទៅ កម្ពុជានៅសល់តែ៤៩ថ្ងៃតែប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជា ធ្វើជា ម្ចាស់ផ្ទះនឹងឈានចូលមកដល់ហើយ ។

ឯកឧត្តមមានប្រសាសន៍ទៀតថា៖ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ពិតជាមានមោទនភាពបានបង្ហាញពីគោលការណ៍បីយ៉ាង ទីមួយ-បានផ្តល់អាទិភាពឱ្យកម្ពុជាយើងបានធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទៅភ្ញៀវទេសចរ នៅលើពិភពលោកឱ្យបានដឹង ថាប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ។ ទី២-បានទាក់ទាញនិងធ្វើឱ្យមានរំហូរភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែមានបរិមាណច្រើន។ ទី៣-បានបង្ហាញការចូលរួម ពីមហាជនពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់នៃប្រទេសកម្ពុជាយើង និងបណ្តា ប្រទេសផ្សេងៗទៀត បានគាំទ្រទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ធ្វើបានសម្រេចស្នាដៃជូនជាតិ និងប្រជាជន ។​

លោក ញែម សារី អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ព្រឹត្តិការណ៍នេះថ្នាក់ដឹកនាំនិងមន្ត្រី ពាក់ព័ន្ធ បានប្តេជារួចជាស្រេច ក្នុងការចូលរួមបំពេញការងារឱ្យបានល្អប្រសើរ ជាពិសេសបង្កើនកិច្ច សហការឱ្យបានជិតស្និទ្ធជាមួយក្រុមកីឡាករ ដែលបាននាំយកភ្លើងគប់ ដង្ហែឆ្លងកាត់ចេញមកពីប្រទេស ឡាវ ចូលមកកម្ពុជាឆ្លងកាត់ទឹកដីនៃខេត្តស្ទឹងត្រែង ។ លោកបន្តថា៖នេះជាការបង្ហាញពីវឌ្ឍនភាពនិងមានអត្ថិភាព ធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្ត ស្ទឹងត្រែងមានសន្ទុះឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយអាជ្ញាធរថ្នាក់ខេត្តនិងស្ថាប័នពាក់ព័ន្ធ នឹងប្រឹងប្រែងរៀបចំពិធីទទួលស្វាគមន៍ ការដង្ហែភ្លើងគប់ពីកីឡាករ ប្រកបដោយឧត្តមភាព ដើម្បីលើក កម្ពស់ កិត្តិយស កិត្យានុភាព និងទទួលជោគជ័យ ជូនរាជរដ្ឋភិបាល។ យុវតី ភិនស្រីងិន តំណាំងឱ្យប្រជាពលរដ្ឋនៅស្រុកបុរីអូស្វាយសែនជ័យ បានសំដែងការសាទរ ចំពោះ ព្រឹត្តិការណ៍នេះ ព្រោះជាលើកដំបូងហើយ ដែលប្រជាជនកម្ពុជាយើងមានមោទនភាព និងបានឃើញ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ នេះ ព្រោះនៅសល់តែជាងមួយខែទៀតតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា៖ក្បូនដង្ហែភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាករអាស៊ាននេះ ខេត្តស្ទឹងត្រែងទទួល ពីប្រទេសឡាវ ហើយប្រគល់ទៅខេត្តក្រចេះ និងបន្តពីក្រចេះ ទៅខេត្តត្បូងឃ្មុំ និងទៅបណ្តាខេត្ត បន្តបន្ទាប់ទៀត ដើម្បីចូលទៅកាន់រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន