ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez បានក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស បន្ទាប់ពីចូលរួមជាមួយ Chelsea ពី Benfica ក្នុងតម្លៃ 106.7 លានផោន នេះបើយោងតាមរបាយការណ៍ដែលក្លឹបព័រទុយហ្គាល់បានប្រកាសកាលពីថ្ងៃពុធ។
តម្លៃខ្លួនខាងលើបានលើសពី 100 លានផោនដែល Manchester City បានចំណាយលើ Aston Villa សម្រាប់កីឡាករអន្តរជាតិអង់គ្លេស Jack Grealish ក្នុងខែសីហា ឆ្នាំ 2021។
Chelsea បានសម្រេចចិត្តទិញផ្តាច់កុងត្រារបស់កីឡាករវ័យ 22ឆ្នាំដែលបានឈ្នះពានរង្វាន់ World Cup បន្ទាប់ពីមួយថ្ងៃក្រោយការចរចារវាង Benfica និងម្ចាស់ក្លឹបតោខៀវ ។
Fernandez ទើបតែបានចូលរួមជាមួយ Benfica ពីក្លឹបអាហ្សង់ទីន River Plate ក្នុងខែសីហា ក្នុងតម្លៃខ្លួនប្រហែល 10 លានដុល្លារ បូករួមជាមួយប្រាក់បន្ថែមផ្សេងៗ។
កេរ្តិ៍ឈ្មោះរបស់ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបានល្បីរន្ទឺអំឡុងការប្រកួត World Cup នៅប្រទេសកាតាកាលពីឆ្នាំមុន នៅពេលដែលគាត់បានជួយក្រុមជម្រើសជាតិរបស់គាត់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។
ក្រៅពី Fernandez ក្រុម Chelsea បានចុះហត្ថលេខាលើកីឡាករចំណូលថ្មីសម្រាប់ទីផ្សារដោះដូរកីឡាករខែមករាដូចជា David Datro Fofana, Benoit Badiashile, Andrey Santos, Joao Felix, Mykhailo Mudryk, Noni Madueke និង Malo Gusto ។
គួររំលឹកឡើងវិញដែរថា Chelsea គឺជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានចំណាយប្រាក់ជាង 400 លានអឺរ៉ូក្នុងការផ្ទេរក្នុងមួយរដូវកាល៕