Barcelona បានបញ្ជាក់ថាទាំង Frenkie de Jong និង Memphis Depay បានរងរបួសពេលបំពេញបេសកកម្មជួយក្រុមជម្រើសជាតិ។
កីឡាករទាំងពីរគឺជាផ្នែកមួយនៃក្រុមហូឡង់ដែលបានឈ្នះក្រុមប៉ូឡូញ 2-0 នៅក្រៅដីក្នុងការប្រកួត UEFA Nations League កាលពីថ្ងៃទី 23 ខែកញ្ញា។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករទាំងពីររូបនេះបានរងរបួស ហើយនឹងត្រូវអវត្តមានមួយរយៈ។
ថ្មីៗនេះក្លឹបបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖
«ការធ្វើតេស្តបានបញ្ជាក់ថាទាំង Frenkie de Jong និង Memphis សុទ្ធតែមានបួសសរសៃពួរ។ កីឡាករទាំងពីរបានចូលលេងឱ្យក្រុមជម្រើសជាតិហូឡង់ក្នុងការប្រកួត UEFA Nations League»។
របួសរបស់ De Jong ត្រូវបានគេរំពឹងថានឹងមិនមានភាពធ្ងន់ធ្ងរ ហើយគាត់អាចនឹងត្រលប់មកវិញក្នុងមួយសប្តាហ៍។ ប៉ុន្តែសម្រាប់ Memphis Depay អាចចំណាយពេលរហូតដល់មួយខែទើបអាចត្រលប់ចូលទីលានវិញបាន។
គួររំលឹកឡើងវិញដែរថា De Jong បច្ចុប្បន្នមានវ័យ 25 ឆ្នាំបានបង្ហាញខ្លួនចំនួន 8 ដងសម្រាប់ក្លឹប Catalan សម្រាប់រដូវកាលថ្មីនេះ ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់។ ទន្ទឹមនឹងនេះដែរ Depay បានចូលរួមក្នុងការប្រកួតតែបីលើកប៉ុណ្ណោះ ដោយរកគ្រាប់បាល់បានមួយគ្រាប់៕