លោក Christian Falk ដែលជាអ្នកសារព័ត៌មានរបស់ SPORT BILD ថ្មីៗនេះបានរាយការណ៍អំពីការសន្ទនាដែលបានកើតឡើងរវាងម្ចាស់ក្លឹប Chelsea លោក Todd Boehly និងលោក Thomas Tuchel ។ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹបកាលពីថ្ងៃពុធទី 7 ខែកញ្ញា បន្ទាប់ពីក្រុមតោខៀវបានចាញ់ក្រុម Dinamo Zagreb ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតបើកឆាក Champions League រដូវកាលនេះ។
គាត់បានដឹកនាំក្រុមតោខៀវសរុបចំនួន 99 ប្រកួតដោយទទួលបានជ័យជម្នះ 62 លើក ស្មើ 19 លើក និងចាញ់ 18 លើកក្នុងអំឡុងពេលរបស់គាត់នៅក្លឹប។
គាត់បានឈ្នះពានរង្វាន់ UEFA Champions League មួយ ពានរង្វាន់ UEFA Super Cup មួយ និង FIFA Club World Cup មួយក្នុងអំឡុងពេលដែលគាត់បំរើការងារឲ្យក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍។ Tuchel ត្រូវបានតែងតាំងជា “គ្រូបង្វឹកបាល់ទាត់ល្អបំផុតរបស់ FIFA” សម្រាប់ឆ្នាំ 2021 ផងដែរ។
អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះបានបំបែកឯតទគ្គកម្មរបស់ក្លឹបសម្រាប់ការចំណាយប្រាក់ច្រើនបំផុត ដែលបានចំណាយក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ រួមមានដូចជា Kalidoy Koulibaly, Marc Cucurella, Wesley Fofana, Pierre-Emerick Aubameyang និងជាច្រើនទៀតត្រូវបានជ្រើសរើសដើម្បីកែលម្អក្រុម។
ក្នុងការប្រកួតលីកចំនួនប្រាំមួយមកទល់នឹងពេលនេះ ក្រុម Chelsea មាន 10 ពិន្ទុ ហើយបច្ចុប្បន្នពួកគេឈរនៅចំណាត់ថ្នាក់ទី 6ក្នុងតារាងលីគ។
ក្រុមតោខៀវបានចាញ់ការប្រកួតបើកឆាកក្នុងពូល Champions League ទល់នឹង Dynamo Zagreb ។ យោងតាមលោក Christian Falk បានទម្លាយឲ្យដឹងថាលោក Todd Boehly បានប្រាប់អ្នកចាត់ការរវ័យ 49 ឆ្នាំរូបនេះថា៖ «យើងចង់ចាប់ផ្តើមជាមួយអ្នកថ្មី»៕