ខ្សែប្រយុទ្ធថ្មីរបស់ Chelsea កីឡាករ Pierre-Emerick Aubameyang បានភាពពេញចិត្ត បន្ទាប់ពីបានចូលរួមជាមួយក្រុមតោខៀវពីក្លឹប Barcelona នៅថ្ងៃផុតកំណត់ទីផ្សារដោះដូរកីឡាករ។
ក្លឹបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃទី 1 ខែកញ្ញា ដែលជាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅ សម្រាប់ការវិលត្រឡប់របស់គាត់ទៅកាន់ទីក្រុងឡុងដ៍។ Aubameyang បានចូលរួមជាមួយក្លឹបយក្សនៅ Premier League ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។
ក្រុមរបស់លោក Thomas Tuchel បានបង់ប្រាក់ឱ្យ Barcelona ប្រហែល 14 លានអឺរ៉ូសម្រាប់ការនាំយក Aubameyang មកកាន់ទឹកដី Stamford Bridge។
កីឡាករសញ្ជាតិហ្គាបុងរូបនេះបានប្រាប់គេហទំព័រផ្លូវការរបស់តោខៀវថា៖ «ខ្ញុំពិតជាសប្បាយចិត្ត។ វាជាកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃក្រុមនេះ។ វាជាការល្អដែលបានត្រលប់មកវិញ ហើយពិតជារំភើបចិត្ត»។
ដោយឡែក Todd Boehly ដែលជាថៅកែថ្មីរបស់ Chelsea បានសរសើរអតីតខ្សែប្រយុទ្ធ Barcelona ហើយបាននិយាយថា៖ «Pierre-Emerick គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ដែលមានកំណត់ត្រាច្បាស់លាស់នៅក្នុង Premier League ហើយការមកដល់របស់គាត់ជួយពង្រឹងក្រុមរបស់យើង ដោយផ្តល់ឱ្យយើងនូវជម្រើសវាយប្រហារថ្មី។ យើងពិតជារំភើបណាស់ដែលមាន Pierre-Emerick រួមក្រុមជាមួយយើងក្នុងយុគសម័យថ្មីនៅ Chelsea ហើយយើងពិតជារីរាយនឹងធ្វើការជាមួយគាត់»៕