អ្នកចាត់ការទូទៅរបស់ AJAX លោក Alfred Schreuder បានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបមិនមានចេតនាលក់ Antony ទៅឲ្យក្លឹប Manchester United នៅរដូវក្តៅនេះទេ។
ខ្សែប្រយុទ្ធ Antony ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Old Trafford នៅរដូវក្តៅនេះ។ ទោះជាយ៉ាងណា Ajax បានច្រានចោលការផ្តល់ជូនជាច្រើនលើកច្រើនសារសម្រាប់កីឡាករប្រេស៊ីលរូបនេះ។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Amsterdam បានដាក់តម្លៃ 100 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរបស់ពួកគេ។ យោងតាមសារព័ត៌មាន Metro បានឲ្យដឹងថាការដេញថ្លៃចុងក្រោយរបស់ក្រុមបិសាចក្រហម Manchester United មានតម្លៃលើសពី 90 លានអឺរ៉ូ។
ទោបីជា Man Utd ព្យាយាមយ៉ាងណាក៏ដោយ ក៏លោក Alfred Schreuder បានចេញមកបញ្ជាក់ ហើយបាននិយាយថា Ajax កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរក្សាខ្សែប្រយុទ្ធរូបនេះនៅក្លឹប។ បច្ចុប្បន្ន Antony នៅតែនៅសល់ 3 ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់។
ថ្លែងបន្ទាប់ពីការចាប់ឆ្នោតរបស់ UEFA Champions League លោក Alfred Schreuder បាននិយាយថា៖
«ខ្ញុំនៅតែបន្តសន្មតថា Antony នឹងបន្តលេងនៅ Ajax ។ ខ្ញុំយល់ពីអ្វីដែលគាត់ចង់បាន ប៉ុន្តែគាត់មានកិច្ចសន្យាជាមួយក្លិបដ៏ល្អផងដែរ»។
គាត់បានបន្ថែមថា៖ «Ajax បានបាត់បង់កីឡាករពីរបីនាក់នៅក្នុងទីផ្សារផ្ទេរបច្ចុប្បន្ន ហើយដូច្នេះយើងមិនអាចបាត់បង់កីឡាករបន្ថែមទៀតទេ។ ដូចជា Lisandro Martinez, Ryan Rynenberch, Sebastenien, និង Nicolas Tagliafico បានចាកចេញពីក្លឹបនៅរដូវក្តៅនេះ»៕