ឯកឧត្តម ហេង សួរ អំពាវនាវដល់បងប្អូនពលករខ្មែរ នៅប្រទេសកូរ៉េ កុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់ជនអគិតិមួយរូប

0

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ អំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប ដែលធ្វើឱ្យពលករបាត់បងប្រាក់ចំណូល និងឱកាសជាច្រើន។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ក្រហល់ គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។

ឯកឧត្តមបានបញ្ជាក់ថា ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួនហើយចង់ទៅម្តងទៀត។

ឯកឧត្តមជឿថា ប្រសិនជាពិភពលោកនេះនឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់ នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែល នៅសល់តែដីចម្ការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់។

តាមទិន្នន័យព្យាករណ៍អាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាស្ថាប័នតាមដានការប្រែប្រួលបរិស្ថានអន្តរជាតិគឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថានឹងមានគ្រោះធម្មជាតិនៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ។

ឯកឧត្តមបន្ដថា បងប្អូនបានដឹងខ្លួនឯងច្បាស់ណាស់ថាបងប្អូនបានទៅដល់ប្រទេសកូរ៉េ គឺដោយសារជិះយន្តហោះ មិនមែនដោយសារបងប្អូនដើរលើខ្នងរបស់ព្រះព្រហ្ម ឬជ្រែកតាមឆ្អឹងជំនីរបស់បុគ្គលនោះទេ។ ហេតុដូច្នេះសូមបងប្អូនតាំងស្មារតី យកវិទ្យាសាស្ត្រជាគោល ហើយយកអនាគតរបស់ខ្លួន គ្រួសារខ្លួន និងសង្គមជាតិខ្លួនជាធំវិញ ហើយសូមបន្ដចូលធ្វើការជាធម្មតា និងមានអារម្មណ៍នឹងនឡើងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន