អតីតអ្នកចាត់ការទូទៅរបស់ក្រុម Manchester United លោក Sir Alex Ferguson និងអតីតខ្សែការពារលោក Gary Neville ត្រូវបានកំណត់ថាជាសាក្សីដ៏សំខាន់ក្នុងការកាត់ក្តី ដែលកំពុងបន្តលើអតីតខ្សែបម្រើក្រុមបិសាចក្រហមលោក Ryan Giggs ។
Giggs ដែលទើបតែបានបម្រើការជាគ្រូបង្វឹកក្រុម Wales បានកាត់ទោសកាលពីថ្ងៃទី 8 ខែសីហា ក្រោមការចោទប្រកាន់ពីបទបង្ខិតបង្ខំ និងវាយដំអតីតមិត្តស្រីរបស់គាត់ និងប្អូនស្រីរបស់នាង ប៉ុន្តែគាត់បានបដិសេធចំពោះបទចោទប្រកាន់ ដែលអាចប្រឈមជាមួយការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ។
បុរសអាយុ 48 ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទវាយដំ Kate Greville និងប្អូនស្រីរបស់នាង Emma កាលពីថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2020។
យោងតាមសារព័ត៌មាន Daily Star គណៈវិនិច្ឆ័យនៅតុលាការ Manchester Minshull Street Crown ត្រូវបានជូនដំណឹងថាលោក Ferguson និង Neville អាចមានវត្តមាននៅក្នុងការកាត់ក្តីក្នុងនាមជាសាក្សី។ គណៈវិនិច្ឆ័យក៏បានប្រាប់ផងដែរថាលោក Ryan Giggs រងការចោទប្រកាន់ចំនួនបីករណី។
យោងតាមរបាយការណ៍ខាងលើ ករណីទីមួយគឺជាការចោទប្រកាន់លើការគ្រប់គ្រង ឬអាកប្បកិរិយាបង្ខិតបង្ខំចំពោះ Kate រួមទាំងការគំរាមកំហែងក្នុងការផ្ញើអ៊ីមែលទាក់ទងនឹងទំនាក់ទំនងផ្លូវភេទរបស់ពួកគេ។
តុលាការក៏បានបញ្ជាក់ផងដែរថា Ryan Giggs បានទាត់នាងពីខាងក្រោយ ហើយបោះនាងចេញពីបន្ទប់សណ្ឋាគារ Stafford ដោយអាក្រាតកាយ។
ករណីទីពីរ និងទីបី រួមបញ្ចូលទាំងការចោទប្រកាន់ពីការវាយដំលើ Kate និង Emma នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០៕