មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ បញ្ជាក់ថា កម្ពុជាទទួលបានចំណូលជាង៥លានដុល្លារក្នុងមួយឆ្នាំពីរ៉ែមាស ហើយគិតត្រឹមខែសីហានេះ ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួន២៣២ដុំ ស្មើនឹង ៣៥៤៣គីឡូក្រាម ដែលនេះបានបង្ហាញ ពីការអនុវត្តបានល្អ របស់ក្រុមហ៊ុន។ ថ្លែងក្នុងសន្និសីទ សារព័ត៌មាន ស្តីពីសមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកទល់ពេលនេះក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ផលិតមាសបានចំនួន២៣២ដុំ គិតជាគីឡូក្រាមបាន៣៥៤៣គីឡូ ក្រាមគិតត្រឹមដើមខែសីហានេះ។
ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ក៏បានបង់សួយសារ ចូលរដ្ឋចំនួន៥លាន១សែនដុល្លារផងដែរ។ ក្រៅពីក្រុមហ៊ុនមួយនេះ ក៏មានក្រុមហ៊ុនផលិតរ៉ែមាសចំនួន៧ទៀតផងដែរ ទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មផលិតរ៉ែមាសនេះ ។ ប៉ុន្តែទើបតែមានក្រុមហ៊ុន មកពីអូស្ត្រាលីនេះមួយទេ ដែលផលិតបានរ៉ែមាស ជាង៣ពាន់តោន។ « ទាក់ទងទៅនឹងរ៉ែមាសបងប្អូនបានជ្រាបច្រើនហើយថា សម្តេចតេជោតែងតែប្រកាស នៅក្នុងព្រឹត្ដិការណ៍ធំៗ ពីមោទនភាពរបស់កម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលីនេះគឺ បានផលិតមាសបានបើគិតជាដុំ២៣២ដុំ ហើយគិតជាគីឡូក្រាមនឹងបាន៣៥៤៣គីឡូក្រាមគិតត្រឹមខែសីហានេះ»។
ឯកឧត្តមបានបន្ថែមទៀតថា បើគិតត្រឹមថ្ងៃទី៤ខែសីហានេះ មានក្រុមហ៊ុនដែលខម ជាក្រុមហ៊ុនខ្នាតតូចដែរ ដែលបានចាប់ផ្តើមសាកល្បងផលិតមាសបាន២០គីឡូក្រាម។ ក្រុមហ៊ុននេះ មានគោលដៅផលិត ឱ្យបានក្នុង១ឆ្នាំ៣៤០គីឡូក្រាម។ បើគិតជាសួយសារចូលរដ្ឋបានប្រហែលជា៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ បានប្រារព្ធពិធីបើកដំណើរការ ចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited មកពីប្រទេសអូស្ត្រាលី នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី៕
ប្រភព៖ ក្រសួងព័ត៌មាន