សារព័ត៌មាន SPORT របស់អេស្ប៉ាញបានរាយការណ៍ថា Barcelona បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ Sevilla កីឡការ Jules Kounde ដោយបានយកឈ្នះលើ Chelsea ក្នុងការប្រជែងយកខ្សែការពាររូបនេះ។
ខ្សែការពារកណ្តាលសញ្ជាតិបារាំងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃនៅក្នុងទីផ្សារដោះដូរកីឡាករ ដោយទាំងក្រុម Barca និងក្រុមតោខៀវកំពុងសម្លឹងរកការចុះហត្ថលេខាយកគាត់។ ទោះជាយ៉ាងណាក៏ដោយ Barcelona ហាក់ដូចជាឈ្នះការប្រជែងសម្រាប់ការចុះហត្ថលេខាលើ Kounde ខណៈដែលសំណើ 60 លានអឺរ៉ូរបស់ពួកគេត្រូវបានទទួលយកដោយ Sevilla ។ សំណើររបស់ក្លឹបយក្សកាតាឡាន់ រួមមានតម្លៃ 50 លានអឺរ៉ូ និងប្រាប់បន្ថែម 10 លានអឺរ៉ូទៀត ខណៈដែល Kounde គ្រោងនឹងចុះកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹប La Liga ។
ពេលនេះ Barcelona ចង់បញ្ចប់ការផ្លាស់ប្តូរនៅក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការចាប់អារម្មណ៍របស់ Chelsea បន្ថែមទៀត ខណៈដែលអ្នកចាត់ការទូទៅក្រុមតោខៀវលោក Thomas Tuchel ចង់ធ្វើការដេញថ្លៃមួយ បន្ទាប់ពីត្រលប់ពីការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេនៅសហរដ្ឋអាមេរិក។
Kounde មិនបានធ្វើដំណើរជាមួយក្រុម Sevilla ទៅកាន់ទីក្រុង Lisbon ដែគ្រោងនឹងប្រកួតជាមួយ Sporting CP នៅក្នុងការប្រកួតមុនរដូវកាលទីពីររបស់ពួកគេនៅរដូវក្តៅនេះ។ ខ្សែការពាររូបនេះបានចូលរួមជាមួយក្លឹបក្នុងតម្លៃផ្ទេរ 25 លានអឺរ៉ូពី Bordeaux ក្នុងឆ្នាំ 2019 ហើយ Kounde បានធ្វើឱ្យមានភាពលេចធ្លោជាមួយនឹងក្រុម Sevilla ជាមួយនឹងការបង្ហាញទម្រង់លេងដ៏រឹងមាំក្នុងការការពារ។
គួររំលឹកឡើងវិញដែរថាគាត់បានបង្ហាញខ្លួនចំនួន 133 លើកសម្រាប់ក្លឹប ដោយដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ UEFA Europa League របស់ពួកគេ ក្នុងអំឡុងពេលយុទ្ធនាការដំបូងរបស់គាត់នៅ Seville ។ ឥឡូវនេះ Kounde បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីក្លាយជាកីឡាករទីប្រាំមួយរបស់ Barca ក្នុងរដូវកាលនេះ៕