Manchester United អាចនឹងចែកផ្លូវជាមួយ Harry Maguire, Anthony Martial និង Fred ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2023។ អ្នកចាត់ការថ្មី Erik ten Hag ត្រូវបានគេរំពឹងថានឹងកសាងក្រុមរបស់បិសាចក្រហមឡើងវិញក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់។ នេះអាចបណ្តាលឱ្យក្លឹបយក្សនៅ Premier League លក់កីឡាករល្បីៗមួយចំនួនដើម្បីប្រមូលថវិកា និងបង្កើតកន្លែងនៅក្នុងក្រុមសម្រាប់ការមកដល់ថ្មី។
យោងតាម FootballTransfers បានឲ្យដឹងថា Maguire, Fred និង Martial អាចត្រូវបានបន្ថែមទៅក្នុងបញ្ជីផ្ទេររបស់ក្លឹបនៅរដូវក្តៅក្រោយ។ ក្លឹបនឹងព្យាយាមបន្តកែប្រែក្រុមរបស់ខ្លួនក្រោមការណែនាំរបស់លោក Ten Hag។
គួររំលឹកឡើងវិញដែរថា Harry Maguire បានចូលរួមជាមួយបិសាចក្រហមពី Leicester City ក្នុងឆ្នាំ 2019 ដោយមានតម្លៃ 80 លានផោន ដែលធ្វើឱ្យគាត់ក្លាយជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានក្លាយជាកីឡាករសំខាន់នៅក្នុងតំបន់ការពាររបស់ Man Utd ហើយត្រូវបានតែងតាំងជាប្រធានក្រុមនៅខែមករាឆ្នាំ 2020 ៕