អ្នក​ទៅ​លេង​ភ្នំ​គូលែន កុំ​ភ្លេច​សាកល្បង​ញាំ “​ចេក​ល័​ក្ខ​”

0

សៀមរាប​៖ ប្រជាជន​នៅ​ខេត្តសៀមរាប​ភាគច្រើន ទទួលស្គាល់​ថា​ជា​ដំណាំ​ចេក​ល័​ក្ខ ជា​ដំណាំ​ហូប​ផ្លែ​មាន​អត្តសញ្ញាណ​នៅ​លើ​ខ្នងភ្នំ​គូលែន​។ ចេក​មាន ផ្លែ​ធំ​ៗ​ហើយ​នៅ​ពេល​ទុំ​មាន​ពណ៌​ក្រមៅ លាយ​ក្រហម​ស្រាល និង​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​គួរ​ចង់​បរិភោគ​។

ទេសចរ​ទាំងឡាយ នៅ​ពេល​ឡើង​ទៅ​កម្សាន្ត​លើ ភ្នំ​គូលែន នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ប្រាកដជា​ស្គាល់​ដើម​ចេក​ល័​ក្ខ​។ ផ្លែ របស់​វា បាន​ដាក់​លក់​ជា​ហូរហែ តាម​ដងផ្លូវ​ទៅ កាន់​តំបន់​ខ្នងភ្នំ​។

លោក ផា​ន់ ផុ​ន ប្រធាន​សហគមន៍​ព្រៃធំ​អន្លង់​ធំ ដែល​ស្ថិត នៅ លើ​ខ្នងភ្នំ​គូលែន​នេះ​បានឱ្យ​ដឹង​ថា ចេក​ប្រភេទ​នេះ គឺជា ប្រភេទ ដំណាំ​ប្រពៃ​របស់​អ្នកស្រុក ច្រើន​តំណ​មក​ហើយ​។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​លើ​ភ្នំ​គូលែន និយម​ដាំចេក​ល័​ក្ខ ព្រោះ​អាច​លក់​បាន តម្លៃ​ខ្ពស់​។

លោក ផា​ន់ ផុ​ន បានឱ្យ​ដឹង​បន្ថែម​ថា​”​ចេក​ល័​ក្ខ​ផ្លែ​វា​ពេល​ទុំ មាន​រសជាតិ​ផ្អែម និង​ក្លិនក្រអូប​។ គេ​អាច​បរិភោគ វា​បាន​ពេល​ទុំ​ហើយ វា​មាន រសជាតិ​ផ្អែម​ឆ្ងាញ់​ខុស​ពី​ចេក​ដទៃ​។

តម្លៃ​ចេក​ល័​ក្ខ​មាន​តម្លៃ​ថ្លៃ​ជាង​ចេក​ផ្សេង​ទៀត​។ នៅ​តាម​ផ្លូ​ង​ឡើង​ភ្នំ​គូលែន អ្នក​ភូមិ​លក់​ចេក​ល័​ក្ខ​មួយ​ស្ទង ចាប់ពី​២៥.០០០ ដល់​៣០.០០០​រៀល​។ បើ​ទិញ​ជា​ស្និត​វិញ តម្លៃ​មួយ​ស្និត ៤.០០០-៧.០០០ រៀល​ទៅ​តាម​ទំហំ តូច​តាម​ធំ​។

សូម​បញ្ជាក់​ថា ដោយសារ​កត្តា​ភូមិសាស្ត្រ​អំណោយផល សម្រាប់​ដំណាំ​ចេក​នេះ​ផង ប្រជាពលរដ្ឋ រស់នៅ​ខ្នងភ្នំ​គូលែន ជា​ច្រើន​គ្រួសារ និយម​ដាំចេក​ល័​ក្ខ និង​ម្យ៉ាងទៀត​ដំណាំ​នេះ បាន​ដុះ​នៅ​លើ​ខ្នង ភ្នំ​គូលែន តាំង​តែ​ពី​យូរលង់​មក​ហើយ​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន