ប្រទេស​ចំនួន ៧ នាំ​គ្នា​ហ្វឹកហាត់​ក្បាច់គុន “​ល្បុក្កតោ​” ដើម្បី​ត្រៀម​ប្រជែង​មេដាយ​នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

0

ភ្នំពេញ​៖ ក្បាច់គុន​ព្រលឹង​វប្បធម៌​ខ្មែរ «​គុន​ល្បុក្កតោ​» ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន​៧​ហើយ ដែល​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​ក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះ​រា​ណា​ចក្រ​កម្ពុជា​។

កីឡា​គុន​ល្បុក្កតោ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ចង្កោម​យុទ្ធ​គុន​ចម្រុះ ក្នុង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​អនុម័ត​ជា​ផ្លូវ​ដោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ហើយ​ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា សហព័ន្ធ​អាស៊ី​អាគ្នេយ៍ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ CAMSOC​។ ជា​ផ្លូវការ​កីឡា ចំនួន​៣៩​ប្រភេទ បូក​នឹង​កីឡា​សម្ដែង (Demonstration Sport) ១​ប្រភេទ​ត្រូវ​បាន​អនុម័ត​។

នៅ​ក្នុង​បទ​សម្ភាសន៍ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា និង​ចុះហត្ថលេខា​ជាមួយ​តំណាង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូ​ណេ​ស៊ី និង​តំណាង​ស្ថានទូត ឥណ្ឌូ​ណេ​ស៊ី នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អគ្គលេខាធិការ CAMSOC បាន​លើក​ឡើង​ថា ពេល​នេះ មាន​ប្រទេស​៦ ទៅ​៧ ហើយ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ ដែល​ត្រូវ​បាន​ដាក់​ប​ញ្ចូ ល ក្នុង​ចង្កោម​នៃ​យុទ្ធ​គុន ចម្រុះ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។ ឯកឧត្តម​មាន​ប្រសាសន៍​ថា ពេល​នេះ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កំណត់​ត្រា នៃ​ដំណើរ ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​បញ្ច​សិលា​របស់​ឥណ្ឌូ​ណេ​ស៊ី ហើយ​បាន កំណត់​ពេលវេលា​ក្នុង​ការ​បញ្ជូន​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា​ចេញ​ទៅ​ហ្វឹក ហាត់​កីឡា បញ្ច​សិលា និង​រៀបចំ​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា​ទៅ​បង្ហាត់​ដល់​កីឡាករ កីឡាការិនី​ឥណ្ឌូ​ណេ​ស៊ី ដែល​ក្បាច់គុន​ទាំង​ពីរ​នេះ​នឹង​ត្រូវ​រៀបចំ​ការ​ប្រកួត​នៃ​យុទ្ធ​គុន​ចម្រុះ សម្រាប់​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​។

ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែម​ទៀត​ថា នេះ​ជា​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​បញ្ជ្រាប ក្បាច់គុន​ព្រលឹង​ជាតិ​មួយ​នេះ​ទៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ឥណ្ឌូ​ណេ​ស៊ី​នឹង​បង្កើត​ឱ្យ​មាន ជា​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ឥណ្ឌូ​ណេ​ស៊ី​។ «​នេះ​ក៏​ជា​ការ​ពង្រីក​សក្តានុពល របស់​គុន​ល្បុក្កតោ​កម្ពុជា​បន្ថែម​ទៀត ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ត្រៀម​រៀបចំ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដោយពេល​នេះ​មាន​៦​ទៅ​៧​ប្រទេស​ហើយ​»​។ តាម​គម្រោង នា​ដើមខែ​សីហា​ខាង​មុខ​នេះ កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​៣០​នាក់​ទៅ​ហ្វឹក ហាត់​បញ្ច​សិលា នៅ​ឥណ្ឌូ​ណេ​ស៊ី រហូត​ដល់​ជិត ស៊ី​ហ្គេ​ម ២០២៣​តែ​ម្តង​។

ក្នុង​ដំណើរ​ត្រៀម​ស៊ី​ហ្គេ​ម ២០២៣​នេះ កម្ពុជា​ក៏​មាន​ផែនការ នៅ​ចុងឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ នឹង​ទទួល​រៀបចំ​ការ​ប្រកួត កីឡា​ជើងឯក​គុន​ល្បុក្កតោ និង​បញ្ច​សិលា​អាស៊ី​អាគ្នេយ៍ ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ កីឡាការិនី និង​មន្ត្រី​រៀបចំ​ការ​ប្រកួត​នៃ​ប្រភេទ​កីឡា​យុទ្ធ​គុន​ទាំង​ពីរ​នេះ​ឱ្យ​កាន់តែ​មុត​ស្រួច​បន្ថែម​ទៀត​។ «​នេះ​ជា លទ្ធផល​ផ្លែផ្កា ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ហ្វឹកហាត់​ឱ្យ​រលូន បន្ទាប់​ពី​ការ​ចុះ​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា កាលពី​ខែ​មុន​រវាង​កម្ពុជា និង​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​ពិភពលោក និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូ​ណេ​ស៊ី នៅ​ក្នុង​ជំនួប​សវន​ការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​»​។

គួរ​រម្លឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ជំរុញ​បន្ថែម ចំពោះ​ការ​អភិរក្ស​កម្រិត​បច្ចេកទេស​កីឡា ទាំង​ល្បុក្កតោ​ខ្មែរ និង​យុទ្ធ​គុន​ឥណ្ឌូ​ណេ​ស៊ី​នេះ ដែល​ទទួល​បានការ​ឯកភាព​ជួយ​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី ការពារ​ជាតិ​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ឱកាស​ដែល សម្តេច​តេ​ជោ អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ថ្លែង​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា និង​ក្រុម ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាស៊ី​អាគ្នេយ៍ នៅ​ភ្នំពេញ​៕

ប្រភព​៖ ក្រសួង​ព័ត៌មាន