តារាឆ្នើម Cristiano Ronaldo របស់ក្រុម Manchester United អាចនឹងមានការផ្លាស់ប្តូរម្តងទៀតនៅរដូវក្តៅនេះ។ យើងប្រហែលជាឃើញគាត់ចាកចេញពីទឹកដីអឺរ៉ុប។
យោងតាមទូរទស្សន៍ព័រទុយហ្គាល់ TVI News បានឲ្យដឹងថាកីឡាករវ័យ 37 ឆ្នាំរូបនេះ បានទទួលការផ្តល់ជូនពីក្លឹបមួយនៅអារ៉ាប៊ីសាអូឌីត។
ក្លឹបដែលមិនបញ្ចេញឈ្មោះមួយនេះ បានត្រៀមខ្លួនក្នុងការចំណាយប្រាក់ ៣០លានអឺរ៉ូសម្រាប់ផ្ទេរយក Ronaldo ដែលនេះជាតម្លៃច្រើនជាងពីរដងនៃតម្លៃដែលក្លឹបចង់លក់។
មានការលើកឡើងផងដែរថា Ronaldo នឹងទទួលបានប្រាក់ពលកម្មចំនួន 250 លានអឺរ៉ូ សម្រាប់រយៈពេល 2 ឆ្នាំ។ ជាថ្មីម្តងទៀតវានឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោក។
ហេតុផលរបស់ CR7 សម្រាប់ការចង់ចាកចេញពី Manchester United គឺកង្វះសកម្មភាពផ្ទេរកីឡាករចំណូលថ្មីរបស់ពួកគេ និងអសមត្ថភាពក្នុងការប្រកួតប្រជែងពានកំពូលៗ។
គួររំលឹកឡើងវិញផងដែរថា Bayern Munich, Napoli និង Chelsea ដែលសុទ្ធតែមានសិទ្ធិចូលរួមលេង Champions League ត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ronaldo ផងដែរ៕