ហេតុ​អ្វី​បានជា​កីឡដ្ឋាន​របស់ Real Madrid ត្រូវ​បាន​គេ​ហៅ​ថា «Santiago Bernabeu»​? (មានវីដេអូ)

0

កីឡដ្ឋាន Estadio Santiago Bernabeu ដែល​ជា​ផ្ទះ​របស់​ក្លឹ​ប​បាល់ទាត់​អេ​ស្ប៉ា​ញ Real Madrid គឺជា​កីឡដ្ឋាន​បាល់ទាត់​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​។ វា​មា​នទី​តាំងនៅ​កណ្តាល​ទីក្រុង​ម៉ា​ឌ្រី​ដ នៅ​ខណ្ឌ Chamartin ។ បច្ចុប្បន្ន​វា​កំពុង​ស្ថិត​ក្នុង​ការ​ជួសជុល ហើយ​នៅ​ពេល​ដែល​បាន​បញ្ចប់ វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​មួយ ដែល​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​ហេតុ​អ្វី​បានជា​គេ​ដាក់​ឈ្មោះ​ថា​៖ «Santiago Bernabeu»​?

កីឡដ្ឋាន​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​អតីត​កីឡាករ​បាល់ទាត់ និង​ប្រធាន​ក្លឹ​ប Real Madrid លោក Santiago Bernabeu ។ វា​ត្រូវ​បាន​សាងសង់​មួយ​ផ្នែក​នៅ​លើ​ដី​អតីត​កីឡដ្ឋាន​ដែល​មានឈ្មោះ​ថា Chamartin និង Villa Ulpina ។ Bernabeu និង Rafael Salgado បាន​ខ្ចីប្រាក់​ពី​ធនាគារ Mercantil e Industrial Bank ដើម្បី​ទិញ​ដី​នៅ​ជាប់​កីឡដ្ឋាន Chamartin ដែល​ជា​ផ្ទះ​របស់ Real Madrid ។

ស្ថាបត្យករ Manuel Muñoz Monasterio និង Luis Alemany Soler បាន​បង្កើត​ទម្រង់​កីឡដ្ឋាន​ដែល​ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃ​ទី 14 ខែធ្នូ​ឆ្នាំ 1947 ជាមួយនឹង​ការ​ប្រកួត​រវាង​ក្រុម Real Madrid និង​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ Os Belenenses ។ ប៉ុន្តែ​នៅ​ពេល​នោះ កីឡដ្ឋាន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Nuevo Chamartin ឬ New Chamartin​។

នៅ​ក្នុង​ខែមករា​ឆ្នាំ 1955 បន្ទាប់​ពី​ការ​បញ្ចប់​នៃ​ការងារ​ជួសជុល​លើក​ដំបូង កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន 125,000​នាក់ ហើយ​ត្រូវ​បាន​ប្រែ​ឈ្មោះ​ទៅ​ជា Santiago Bernabeu ។

លោក Santiago Bernabeu គឺជា​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដែល​បាន​លេង​ឱ្យ​ក្រុម Real Madrid រហូត​ដល់​ឆ្នាំ 1926 ។ បន្ទាប់​ពី​ព្យួរ​ស្បែកជើង​របស់​គាត់ គាត់​បាន​បន្ត​ក្លាយជា​ចាត់ការ​ក្រុម​។ បន្ទាប់​មក​គាត់​ត្រូវ​បាន​តែងតាំង​ជានា​យក​ក្លឹ​ប ហើយ​ថែម​ទាំង​ធ្វើការ​ក្នុង​តួនាទី​ជា​ជំនួយការ​អ្នកគ្រប់គ្រង​ទៀត​ផង​។

កំឡុង​ពេល​លោក​ជា​ប្រធាន​ក្លឹ​ប Real Madrid បាន​ឈ្នះ​ពាន Intercontinental Cup មួយ ពាន European Cup 6 ដង ពាន League 16 ដង ពាន Spanish Cup 6 ដង ពាន Latin Cup ពីរ និង Copa Eva Duarte មួយ​ដង​។ គាត់​បាន​ទទួលមរណភាព​អំឡុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ 1978 ហើយ FIFA បាន​ប្រកាស​ការ​កាន់ទុក្ខ​បី​ថ្ងៃ​ក្នុងអំឡុងពេល​ការ​ប្រកួត​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា នៅ​ឆ្នាំ 1943 លោក Santiago Bernabeu ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ក្លឹ​ប​ដែល​ជា​តំណែង​ដែល​គាត់​បាន​បន្ត​រហូត​ដល់​គាត់​ស្លាប់​នៅ​ថ្ងៃ​ទី 2 ខែមិថុនា​ឆ្នាំ 1978៕