អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Robin van Persie បានសរសើរកីឡាករចំណូលថ្មីរបស់បិសាចក្រហម Tyrell Malacia ដោយអះអាងថាគាត់ជាកីឡាករដែលមានទេពកោសល្យដ៏អស្ចារ្យ។ Malacia វ័យ 22 ឆ្នាំបានក្លាយជាកីឡាករដំបូងគេបង្អស់របស់លោក Erik ten Hag ក្នុងនាមជាអ្នកចាត់ការ Manchester United ដោយចូលរួមជាមួយក្លឹប ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយនឹងជម្រើសអាចបន្តបន្ថែមទៀត។
ខ្សែការពារសញ្ជាតិហូឡង់បានផ្ទេរមកពីក្លឹប Eredivisie Feyenoord ដែលបច្ចុប្បន្ន Robin van Persie ជាជំនួយការអ្នកចាត់ការទូទៅនៅទីនោះ។ អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហមបានប្រកាសពីការចុះហត្ថលេខាជាមួយ Malacia ហើយប្រាកដថាគាត់នឹងធ្វើបានល្អនៅ Man Utd ដោយបាននិយាយនៅលើគណនី Twitter របស់គាត់ថា៖
«សូមអបអរសាទរចំពោះការផ្លាស់ប្តូរដ៏អស្ចារ្យនេះ Tyrell Malacia! ចំពោះអ្នកគាំទ្រទាំងអស់របស់ Manchester United ខ្ញុំប្រាកដថាអ្នកនឹងរីករាយក្នុងការមើល Tyrell លេងឱ្យក្លឹបដ៏ល្បីល្បាញនេះ។ ទេពកោសល្យដ៏អស្ចារ្យជាមួយនឹងស្មារតីដ៏អង់អាច។ ខ្ញុំប្រាកដថាគាត់នឹងធ្វើបានល្អ»។
Malacia បានធ្វើឲ្យមានការចាប់អារម្មណ៍សម្រាប់ Feyenoord កាលពីរដូវកាលមុន ដោយបង្ហាញខ្លួនបាន 50 ដងក្នុងការប្រកួតទាំងអស់។ កីឡាករវ័យ 22 ឆ្នាំរូបនេះទទួលបានការសរសើរចំពោះល្បឿន និងមិនងាយរបួស ព្រមទាំងមានភាពនឹងនរនៅពេលគ្រប់គ្រងបាល់៕