ខឹង​រឿង​មួយ​នេះ​! ជាងសំណង់ កាប់​ម្ចាស់​សំណង់​ជា​ច្រើន​កាំបិត

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​៣០០​នាទី ត្រង់​ចំណុច​ក្រុម​ទី​០៨ ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ដោយ​កាំបិត​) មួយ​កើតឡើង​ដែល​ករណី​នេះ​បង្ក​ដោយ​ជនសង្ស័យ ០១​នាក់​ឈ្មោះ សេង សា​រុន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ធ្វើ​សកម្មភាព​យក​កាំបិត​តាំង​តោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ០១​នាក់​ឈ្មោះ ចាន់ សា​រ៉េ​ត ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​ច្រើន​កាំបិត បណ្ដាល​ឱ្យ​រង​របួស​ត្រង់​ក្បាល ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោយ​លើ​ខ្នងដៃ​ខាងឆ្វេង និង​កំភួនដៃ​ចំហៀង​ខាងឆ្វេង​។ នៅ​ពេល​កើតហេតុ​ភ្លា​ប​ៗ អ្នក​ជិតខាង​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ព័ត៌មាន​នេះ​បានដឹង​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​។

អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ទោ សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​និង​ដកហូត​វត្ថុ​តាង​មានកាំបិត​តាំង​តោ​ផ្លែ​ដែក​ដង​ឈើ​ចំនួន​០១ ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​អំពើ​ល្មើស​នេះ​រួច​នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិកា​ត​ដ្ឋា​ន​នគរបាល​ស្រុក​។ លោក​វរសេនីយ៍ទោ សេង លុ​ច បាន​បញ្ជាក់​ថា​តាម​ចម្លើយ​សារភាព​រប​សល​ជនសង្ស័យ​ថា មូលហេតុ​ដែល​ជនសង្ស័យ​ប្រើ​ហិង្សា​បែប​នេះ​ទៅ​លើ​ជន​រង​គ្រោះ គឺ​ដោយសារ​តែ​កន្លង​មក​ជន​រង​គ្រោះ​ធ្វើ​សំណង់​បន្ទប់ទឹក​នៅផ្ទះ​របស់​គាត់ ហើយ​ជួល​ជនសង្ស័យ​នេះ​មក​ធ្វើ​សំណង់​នោះ​ត្បិត​ជនសង្ស័យ​នេះ​ជា​ជាងសំណង់​។

ដោយសារ​តែ​ការ​ធ្វើ​ការងារ​របស់​ជាង​នេះ បាត់​ឃើញ​ៗ​ហើយ​សំណង់​ទុក​ចោល​មិន​ធ្វើ​ឱ្យ​រួចរាល់ ទើប​ម្ចាស់​សំណង​ជា​ជន​រង​គ្រោះ​បញ្ឈប់​មិន​ឱ្យ​ជនសង្ស័យ​ធ្វើ​ការងារ​នេះ​បន្ត​ទៀត​។ ដោយ​មាន​កំហឹង​បែប​នេះ​ហើយ​ទើប​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​យក​កាំបិត​តាំង​តោ​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កន្លែង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង​។ ករណី​នេះ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ