ព្រះសីហនុ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ, កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបីនាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីកំហែងយក (ប្រើកាំបិតប៉័ងតោ និងពូថៅដៃកាប់ប្លន់យករថយន្ត និងទូរស័ព្ទ)។
ប្រភពពីកម្លាំងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទីយប់ ប្រជាពលរដ្ឋប្តឹងរាយការណ៍តាមរយៈទូរស័ព្ទហតឡាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថានៅចំណុច ម្តុំតារាងបាល់ទាត់ ជេក ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានបុរសជនជាតិខ្មែរ ០៣នាក់ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និងពូថៅកាប់ប្លន់អ្នកបើកបររថយន្តតាក់ស៊ី ១នាក់ (ទើបដឹកភ្ញៀវជាជនសង្ស័យទាំង០៣នាក់មកដល់ខេត្តព្រះសីហនុ) យករថយន្ត និងទូរស័ព្ទដៃ បណ្តាលអោយអ្នករត់តាក់ស៊ីរបួសត្រង់ក្បាល ថ្ពាល់ និងដៃ រួចពួកគេបានយកទូរស័ព្ទ២គ្រឿងជារបស់ជនរងគ្រោះ ហើយរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ភេទប្រុស ជនជាតិខ្មែរ ចំណែកជនសង្ស័យ ២នាក់ទៀតបានរត់គេចខ្លួន។
ប្រភពដដែលបន្តថាបន្ទាប់មក ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ, កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ រហូតដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២១និង០០នាទីយប់ សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យដែលជាបក្ខពួក ចំនួន០២នាក់ ជាបន្តបន្ទាប់ បន្ថែមទៀត។
ជនរងគ្រោះឈ្មោះ ឈារ សុភ័ណ្ឌ ភេទប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ រាជធានីភ្នំពេញ រងរបួស៖ ក្បាល ថ្ពាល់ និងដៃ (មធ្យម)។
ជនសង្ស័យចំនួន០៣នាក់ ទី១-ឈ្មោះ សួន សារ៉ាត់ ភេទប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ស្រូយ ស្រស់ ភេទប្រុស ជនជាតិខ្មែរ អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទឹករាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ យ៉ែម លីហ៊ួរ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារបាត់បង់ចាប់យកបាន៖ ទូរស័ព្ទចំនួន ០២គ្រឿង ម៉ាកVivo ពណ៌ទឹកសណ្តែក១គ្រឿង និងម៉ាកOppo ពណ៌ទឹកសណ្តែក១គ្រឿង។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ