ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញព័ត៌មានលម្អិតនៃការសន្ទនាឯកជនមួយ ដែលគាត់មានជាមួយ Kylian Mbappe មុនពេលតារាឆ្នើមរបស់ក្លឹប Paris Saint-Germain បដិសេធការផ្ទេរទៅកាន់ក្លឹប Real Madrid ។
Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅ Madrid អស់រយៈពេលជាងមួយឆ្នាំ ប៉ុន្តែ PSG បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយការប្រកាសកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំសម្រាប់កីឡាករវ័យ 23 ឆ្នាំនៅថ្ងៃទី 21 ខែឧសភា។
លោក Macron បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Mbappe ឱ្យស្នាក់នៅក្នុងប្រទេសកំណើតរបស់គាត់ ហើយឥឡូវនេះប្រមុខរដ្ឋរូបនេះបានបញ្ជាក់ថា គាត់ចង់រក្សាម្ចាស់ជើងឯក World Cup ឲ្យបន្តស្នាក់នៅក្នុងប្រទេសកំណើត គោលបំណងគឺដើម្បី “ការពារប្រទេស” ។
ប្រធានាធិបតីបារាំងមានអារម្មណ៍ថាវាជា “ទំនួលខុសត្រូវ” របស់គាត់ក្នុងការផ្តល់ដំបូន្មានដល់ Mbappe ដែលត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានទេពកោសល្យបំផុតក្នុងជំនាន់របស់គាត់ និងជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ Ligue 1 ។
លោក Macron បានប្រាប់សន្និសីទសារព័ត៌មានថា “បាទ វាជាការពិតដែលខ្ញុំបានសន្ទនាជាមួយ Kylian Mbappe មុនពេលគាត់ធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់អំពីអនាគតរបស់គាត់” ។
“នៅក្នុងនោះ ខ្ញុំគ្រាន់តែណែនាំគាត់ ឱ្យបន្តស្នាក់នៅប្រទេសបារាំង។ ខ្ញុំជឿថា វាជាទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតី”។ គាត់បានបន្ថែមថា “ខ្ញុំមិនដែលធ្វើអន្តរាគមន៍ក្នុងការផ្ទេរណាមួយទេ។ នៅពេលនិយាយអំពីកីឡា ខ្ញុំតែងតែចង់ឃើញការប្រកួតដ៏ល្អ និងលើកទឹកចិត្តដល់ក្រុម”៕