ក្រុមប្រឹក្សាភិបាលរបស់ Manchester United ត្រូវបានគេរាយការណ៍ថា បានបដិសេធឱកាសក្នុងការបន្តកុងត្រារបស់ Paul Pogba ជាមួយក្លឹបនៅក្នុងឆ្នាំ 2020 ។
ខ្សែបម្រើសញ្ជាតិបារាំងនៅសល់រយៈពេល 12 ខែទៀតលើកិច្ចសន្យាដំបូងរបស់គាត់ក្នុងរដូវក្តៅឆ្នាំ 2020។ យោងតាម Mirror បានឲ្យដឹងថា Pogba បានផ្ញើសារជាច្រើនដងទៅអ្នកចាត់ការលោក Ole Gunnar Solskjaer ដើម្បីស្នើសុំបន្តកិច្ចសន្យារបស់គាត់។
របាយការណ៍បញ្ជាក់ថា អ្នកចាត់ការសញ្ជាតិន័រវេសបានជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលអំពីបំណងប្រាថ្នារបស់កីឡាករសញ្ជាតិបារាំងរូបនេះ ប៉ុន្តែពួកគេបានបដិសេធមិនធ្វើតាម។ ផ្ទុយទៅវិញ ក្រុមប្រឹក្សាភិបាលរបស់ Man Utd បានជ្រើសរើសយកការបន្តកុងត្រារយៈពេលមួយឆ្នាំដល់ Pogba ដែលនឹងធ្វើឱ្យគាត់ស្នាក់នៅជាមួយក្លឹបរហូតដល់ឆ្នាំ 2022។
ចំនុចសំខាន់នៃកិច្ចសន្យាថ្មីនោះគឺថា ក្លឹបនឹងបន្តផ្តល់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ 290,000 ផោន។ គុណវិបត្តិគឺថាវាបានធ្វើឱ្យកីឡាករអាក់អន់ស្រពន់ចិត្ត ហើយនាំឱ្យគាត់គិតខុសអំពីអនាគតយូរអង្វែងរបស់គាត់នៅក្លឹប។
ជាក់ស្តែង Pogba ថ្មីៗនេះបានប្រកាសចាកចេញពីក្លឹបនៅរដូវក្តៅនេះ បន្ទាប់ពីកុងត្រារបស់គាត់នៅ Old Trafford អស់សុពលភាព។ ទោះបីជាបាននាំយកគាត់មកក្នុងតម្លៃកំណត់ត្រាក្លឹប 89 លានផោនក៏ដោយ ក៏ម្ចាស់ជើងឯក World Cup របស់បារាំងរូបនេះ កំពុងត្រៀមខ្លួនចាកចេញពីក្លឹបម្តងទៀតដោយគ្មានតម្លៃផ្ទេរ ដូចដែលគាត់ធ្លាប់បានធ្វើកាលពីឆ្នាំ 2012 ។
គួររំលឹកឡើងវិញដែរថា Pogba បានស៊ុតបញ្ចូលទីសរុបចំនួន 39 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន 51 ដងក្នុងការបង្ហាញខ្លួន 233 ប្រកួត នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Manchester United ៕