អ្នកចាត់ការក្រុម Chelsea លោក Thomas Tuchel បានលើកសរសើរ N’Golo Kante ចំពេលមានការរំពឹងទុកថាគាត់អាចនឹងផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ។
កីឡាករវ័យ 30 ឆ្នាំរូបនេះបានក្លាយជាកីឡាករសំខាន់នៅទឹកដី Stamford Bridge ចាប់តាំងពីផ្ទេរពី Leicester City ក្នុងតម្លៃខ្លួន 32 លានផោនក្នុងឆ្នាំ 2016 ។ គាត់បានឈ្នះពានរង្វាន់ Champions League និង Premier League ហើយត្រូវបានគេដាក់ឈ្មោះថា PFA’ Player ក្នុងឆ្នាំ 2017 (Professional Footballers’ Association)។
សម្រាប់មនុស្សជាច្រើន Kante គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ហើយមនោសញ្ចេតនានេះត្រូវបានចែករំលែកដោយ Thomas Tuchel ។ គ្រូបង្វឹក Chelsea បាននិយាយថា Kante គឺមានសារៈសំខាន់សម្រាប់ក្រុមតោខៀវ ដូចកីឡាករ Mohamed Salah និង Kylian Mbappe សម្រាប់ក្រុមរៀងៗខ្លួន។
គាត់បានប្រាប់អ្នកសារព័ត៌មានលោក Fabrizio Romano បន្ទាប់ពីក្រុមរបស់ប្រកួតស្មើ 1-1 ជាមួយ Leicester City ថា៖
«ខ្ញុំគិតថាគាត់គឺជាកីឡាករសំខាន់របស់យើង ប៉ុន្តែកីឡាករសំខាន់ៗត្រូវតែមានវត្តមាននៅលើទីលាន ហើយគាត់លេងបានត្រឹមតែ 40% នៃការប្រកួតប៉ុណ្ណោះ។ គាត់គឺជា Mo Salah van Dijk និង Kylian Mbappe របស់យើង»។
មានការរំពឹងទុកថា អ្នកចាត់ការថ្មីរបស់ Manchester United លោក Erik ten Hag មានចេតនាចង់បានកីឡាករសញ្ជាតិបារាំងរូបនេះ។ យោងតាម Mirror បានឲ្យដឹងថាលោក Ten Hag មានបំណងចង់ឱ្យ Kante ជាផ្នែកមួយនៃការផ្លាស់ប្តូរសម្រាប់រដូវក្តៅរបស់គាត់នៅ Old Trafford ។
កំឡុងពេលគាត់នៅកីឡដ្ឋាន Stamford Bridge Kante បានបង្ហាញខ្លួនចំនួន 259 ដង ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន 15 ដង។
យោងាតាមគេហទំព័រ Transfermarkt បានកំណត់តម្លៃខ្សែបម្រើរូបនេះក្នុងតម្លៃ 45 លានផោន ដោយនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយ Chelsea ៕