លោ​គ្រូ​តា​គុន​ល្បុក្កតោ សាន គី​ម​ស៊ា​ន ទទួល​បាន​ថវិកា​ឧបត្ថម្ភ​សម្រាប់​ការ​វះកាត់ និង​ការ​ថែទាំ​ភ្នែក

0

ភ្នំពេញ៖ នៅថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២២ លោកគ្រូ​តា សាន គី​ម​ស៊ា​ន ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ចំនួន ៣ ០០០ ដុល្លារ​អាម៉េរិក​ពី​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ សម្រាប់​ការ​វះកាត់ និង​ការ​ថែទាំ​ភ្នែក តាម​រយៈ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។

លោក អ៊ួ តារា អគ្គលេខាធិការ​រង សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ថ្ងៃនេះ​ក្រុមការងារ​សហព័ន្ធ​បាន​នាំ​យក​ថវិកា ៣ ០០០ ដុល្លារ​នេះ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ជូន​លោកគ្រូ​តា សាន គឹ​ម​ស៊ា​ន រួច​ហើយ​។ នេះ​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ដៃគូ​ឧបត្ថម្ភ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ដែល​បាន​ជួយ​ថ្លៃ​ព្យាបាល​ការ​វះកាត់​ភ្នែក​របស់​លោកគ្រូ​តា​វ័យ​៧៧​ឆ្នាំ​រូប​នេះ ដោយ​នេះ​ជា​ការ​ជួយ​រំលែក​ការ​លំបាក និង​ការ​គោរព​ស្រឡាញ់​ចំពោះ​លោកគ្រូ​តា ដែល​តែងតែបាន​ពុះពារ​ឧ​ប​ស័គ្គ​ទាំងឡាយ ក្នុង​ការ​បន្ត​ដំណើរការ​អភិវឌ្ឍ​វិស័យ​ក្បាច់គុន​ព្រលឹង​ជាតិខ្មែរ​មួយ​នេះ​កាន់តែ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។ លោក អ៊ួ តារា បាន​ចាត់​ទុក​ថា លោក​ព្រឹទ្ធាចារ្យ ក៏​ជា​បង្គោល​ដ៏​រឹង​មាំ ក្នុង​ការ​ពង្រឹងគុណភាព​បន្ថែម​លើ​ការ​អភិវឌ្ឍ និង​អភិរក្ស​វិស័យ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ជា​ពិសេស​គឺ​គោលដៅ​ដ៏​ធំ​ចម្បង​នៃ​ដំណើរការ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពង្រឹង​ការ​អភិវឌ្ឍ​តទៅ​ថ្ងៃ​អនាគត​ផង​ដែរ​។ អ្នកជំនាញ​កីឡា​គុន​ល្បុក្កតោ​រូប​នេះ​បន្ថែម​បាន​រំឭក​ថា ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​គឺជា​ដៃគូ​ដ៏​សំខាន់ ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​ប្រកួត និង​សកម្មភាព​អភិវឌ្ឍ​គុន​ល្បុក្កតោ​នានា​ជា​បន្តបន្ទាប់​។

អគ្គលេខាធិការ​រង​រូប​នេះ​បន្ថែម​ទៀត​ថា បន្ថែម​ពីលើ​នេះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ក៏​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​លោកគ្រូ​តា ក៏​ដូច​ជា​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​នានា ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សុខដុម​រម្យ​នា ក្នុង​វិស័យ​កីឡា​គុន​ល្បុក្កតោ​ទាំងមូល ជា​ពិសេស​ការ​ជួយ​ជ្រោមជ្រែង​ដល់​ការ​ព្យាបាល​របស់​លោកគ្រូ​តា នា​ពេល​នេះ គឺជា​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ចការ​បន្ត​របស់​លោកគ្រូ​តា សាន គឹ​ម​ស៊ា​ន ក្នុង​ការ​ស្រាវជ្រាវ​-​ចងក្រង​ឯកសារ​គុន​ល្បុក្កតោ​ទុក​សម្រាប់​គោលដៅ​អភិវឌ្ឍន៍ និង​អភិរក្ស​នា​ពេល​បច្ចុប្បន្ន ព្រមទាំង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ៗ​ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន