Harry Maguire ត្រូវបានគេរាយការណ៍ថាបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់មិត្តរួមក្រុមរបស់គាត់ ថាគាត់មិនមានឆន្ទៈចាកចេញពីក្លឹប Manchester United ក្នុងរដូវក្តៅនេះទេ ទោះបីជាមានការគម្រាមកំហែងដោយគ្រាប់បែកលើគ្រួសាររបស់គាត់នាពេលថ្មីៗនេះក៏ដោយ។
ខ្សែការពារកណ្តាលរបស់បិសាចក្រហម បានទទួលរងការគំរាមកំហែងកាលពីថ្ងៃពុធ បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល 4-0 ទល់នឹង Liverpool នៅកីឡដ្ឋាន Anfield ។
អ្នកនាំពាក្យរបស់ Maguire បាននិយាយថា “ក្នុងរយៈពេល 24 ម៉ោងចុងក្រោយ Harry បានទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផ្ទះរបស់គាត់” ។
“គាត់បានរាយការណ៍ហេតុការណ៍នេះទៅប៉ូលីស ហើយឥឡូវនេះសមត្ថកិច្ចកំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើរឿងនេះផងដែរ។ សុវត្ថិភាពនៃគ្រួសាររបស់គាត់ និងអ្នកដែលនៅជុំវិញគាត់ច្បាស់ជាអាទិភាពទីមួយរបស់ Harry ។ គាត់នឹងបន្តរៀបចំសម្រាប់ការប្រកួតចុងសប្តាហ៍នេះដូចធម្មតា”។
គ្មានគ្រាប់បែកត្រូវបានរកឃើញទេ បន្ទាប់ពីប៉ូលីសបានទៅដល់ផ្ទះរបស់ Maguire ដើម្បីធ្វើការស្វែងរកយ៉ាងម៉ត់ចត់ ដោយសត្វឆ្កែមួយក្បាលត្រូវបានជួលឱ្យធ្វើការរុករកតំបន់ជុំវិញនោះ។
ប្រភពជិតស្និទ្ធនឹង Maguire បានប្រាប់ The Sun ថា “Harry នឹងមិនត្រូវបានគេបង្ខំឱ្យចេញពី Manchester United ដោយការគំរាមកំហែងបែបនេះទេ” ។
“អាទិភាពទីមួយរបស់គាត់នឹងតែងតែជាសុវត្ថិភាពរបស់គ្រួសារគាត់ ប៉ុន្តែគាត់ក៏មានចរិតលក្ខណៈរឹងមាំក្នុងការដោះស្រាយបញ្ហានេះដែរ។ វាមើលទៅដូចជាទង្វើររបស់អ្នកគាំទ្រដ៏កំសាកមួយចំនួន“។
គួររំលឹកឡើងវិញដែរថា កីឡាករអន្តរជាតិអង់គ្លេសដែលបានចូលរួមពី Leicester City ជាថ្នូរនឹងទឹកប្រាក់ជាង 90 លានអឺរ៉ូកាលពីឆ្នាំ 2019 ត្រូវបានគេរិះគន់ចំពោះទម្រង់លេងរបស់គាត់នៅបិសាចក្រហមក្នុងរដូវកាលនេះ ហើយត្រូវបានអ្នកគាំទ្រអង់គ្លេសជេរក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកូតឌីវ័រកាលពីខែមុន៕