វីរបុរសក្រុម Manchester United លោក Garry Neville បានអះអាងថា Erik ten Hag នឹង “កានតែអស្ចារ្យ” ប្រសិនបើគាត់ឈ្នះពានមួយ ឬពីរក្នុងពីររដូវកាលដំបូងរបស់គាត់នៅ Old Trafford ។ យោងតាមអតីតខ្សែការពារស្តាំ គ្រូបង្វឹកដែលទើបតែងតាំងថ្មីរបស់បិសាចក្រហម គ្រាន់តែត្រូវការធានាកៅអីដើម្បីលេង Champions League សម្រាប់ទាក់ទាញកីឡាករដែលមានគុណភាពខ្ពស់ក្នុងយុទ្ធនាការបន្ទាប់។
កាលពីថ្ងៃព្រហស្បតិ៍ Manchester United បានតែងតាំងលោក Erik ten Hag ជាគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីរបស់ពួកគេ។ គ្រូបង្វឹក Ajax នឹងស្នាក់នៅប្រទេសហូឡង់រហូតដល់ចុងបញ្ចប់នៃយុទ្ធនាការនេះ មុនពេលចូលដឹកនាំក្រុមបិសាចក្រហមនៅរដូវក្តៅ។
បិសាចក្រហមខកខានឈ្នះពានរង្វាន់រយៈពេលប្រាំឆ្នាំ ហើយអ្នកគាំទ្ររបស់ Man Utd មានការអន្ទះសារចង់ឃើញការផ្លាស់ប្តូរទម្រង់លេងរបស់ក្លឹបក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិហូឡង់។ ទោះជាយ៉ាងណាក៏ដោយ Neville នៅតែរក្សាក្តីសង្ឃឹមរបស់គាត់ដោយអះអាងថា Ten Hag អាចនាំក្លឹបឈ្នះពានរង្វាន់ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។
ថ្លែងក្នុងកម្មវិធីរបស់ Sky Sports Neville បាននិយាយថា៖ «ខ្ញុំនឹងមិនដាក់សម្ពាធខ្លាំងពេកលើ Ten Hag ក្នុងរយៈពេលមួយ ឬពីរឆ្នាំដំបូងដើម្បីឈ្នះពាននៅក្លឹបនោះទេ។ វាពិតជាល្អណាស់ ប្រសិនបើគាត់នាំក្លឹបឲ្យឈរក្នុងចំណាត់ថ្នាក់កំពូលទាំងបួន ដើម្បីអោយ Man Utd បន្តលេងក្នុង Champions League ដែលជាករទាក់ទាញកីឡាករល្អៗឱ្យចូលមកក្លឹប ធ្វើឲ្យគាត់អាចមានជម្រើសលេងតាមរបៀបដែលគាត់ចង់បាន ហើយបន្ទាប់មកទទួលបានប្រព័ន្ធលេងដែលមានគុណភាព។
គាត់ក៏បានចង្អុលបង្ហាញពីរបៀបដែលលោក Jurgen Klopp ត្រូវការពីរបីឆ្នាំមុនពេលឈ្នះ Premier League ជាមួយ Liverpool ។ លោក Neville បានជំរុញអ្នករាល់គ្នា កុំឱ្យរំពឹងថានឹងទទួលបានជ័យជម្នះក្នុងលីកក្រោមការដឹកនាំរបស់ Ten Hag ក្នុងពេលភ្លាមៗ ដោយពន្យល់ថា៖
លោក Jurgen Klopp ចំណាយពេល ៤ ឬ ៥ ឆ្នាំដើម្បីឈ្នះពាន Premier League ជាការងារដ៏អស្ចារ្យដូចដែលគាត់បានធ្វើ។ ខ្ញុំនឹងមិនដាក់សម្ពាធលើ Ten Hag ក្នុងរយៈពេលពីរឬបីឆ្នាំដំបូងដើម្បីឈ្នះពាន Premier League នោះទេ។ ដូច្នេះដំណាក់កាលដំបូង គឺត្រូវបង្កើតមូលដ្ឋានគ្រឹះនៃអ្វីដែលគាត់ចង់បាន បន្ទាប់មកឆ្នាំទី 3 ទី 4 ទី 5 គឺជាពេលដែលអ្នកចាប់ផ្តើមសម្លឹងមើលគាត់ដើម្បីឈ្នះពានរង្វាន់៕