គ្រូបង្វឹកក្រុម Roma លោក Jose Mourinho បានធ្វើការសុំទោសទៅកាន់ក្រុម Salernitana បន្ទាប់ពីជំនួយការរបស់គាត់ម្នាក់បានចំអកឱ្យក្រុមមួយនេះ។
ក្រុម Roma បានយកឈ្នះលើក្រុម Salernitana ក្នុងលទ្ធផល 2-1 កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យក្រុមភ្ញៀវធ្លាក់ទៅបាតតារាង Serie A។
Salernitana ទទួលបានត្រឹមតែ 16 ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន 30 របស់ពួកគេនៅក្នុងលីក ហើយមានប្រាំបួនពិន្ទុពីក្រោមតំបន់សុវត្ថិភាព ដោយនៅសល់តែ 8 ប្រកួតទៀតប៉ុណ្ណោះដែលត្រូវលេង។
Mourinho បានសារភាពបន្ទាប់ពីការប្រកួតថាសមាជិកម្នាក់នៃបុគ្គលិករបស់គាត់ បាននិយាយទៅកាន់ក្រុម Salernitana ថាពួកគេនឹងត្រូវបានគេកាត់ចោលក្នុងពេលឆាប់ៗនេះ។
Mourinho បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំនិយាយការពិត ជំនួយការរបស់ខ្ញុំបានប្រាប់បុគ្គលិក Salernitana ថាពួកគេនឹងត្រូវទៅលេងនៅ Serie B។ ខ្ញុំបានទៅសុំទោសចំពោះសកម្មភាពរបស់បុគ្គលិកខ្ញុំដែលបាននិយាយដូច្នេះ»៕