Mohamed Salah បង្ហើប​ពី​ការ​ចូល​និវត្តន៍ (​មាន​វី​ដេ​អូ​)

0

ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប​កីឡាករ Mohamed Salah បាន​បង្ហើប​ថា​គាត់​អាច​ចូល​និវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ បន្ទាប់​ពី​ខក​ខានមិនបាន​ចូលរួម​ការ​ប្រកួត World Cup 2022 នៅ​ប្រទេស​កា​តា​។

កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​មិន​អាច​ជួយ​អេ​ហ្សី​ប​ឲ្យ​ឆ្លង​ផុត​ក្រុម​សេ​ណេ​ហ្គា​ល់​របស់ Sadio Mane ក្នុង​ការ​ប្រកួត​វគ្គ Play-off ។ បន្ទាប់​ពី​ការ​ប្រកួត​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា Salah បាន​និយាយ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ដែល​គាត់​បាន​ស្នើ​ថា គាត់​ប្រហែលជា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ក្រុម​នា​ពេល​អនាគត​ទៀត​នោះ​ទេ​។

គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​និយាយ​ជាមួយ​កីឡាករ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​មុន​ការ​ប្រកួត​ជើង​ទី​ពីរ ហើយ​បាន​ប្រាប់​ពួក​គេ​ថា ខ្ញុំ​មាន​មោទនភាព​ដែល​បាន​លេង​ជាមួយ​ពួក​គេ ហើយ​ពួក​គេ​គឺជា​ក្រុម​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​លេង​ជាមួយ​»​។

«​ខ្ញុំ​បាន​ចំណាយពេល​ខ្លះ​ជាមួយ​អ្នក​ជំនាន់​មុន​ដូច​ជា Wael Gomaa និង Mohamed Aboutrika ក៏​ដូច​ជា​ជំនាន់ Abdallah El Said ហើយ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ជាមួយនឹង​កីឡាករ​បច្ចុប្បន្ន​»​។

«​មិន​ថា​ខ្ញុំ​អាច​មាន​វត្តមាន ឬ​អត់​នា​ពេល​អនាគត ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ធ្វើ​ជា​មិត្ត​រួម​ក្រុម​របស់​អ្នក​។ វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ​»​។ Salah ត្រូវ​បាន​រំខាន​ភ្លាម​ៗ​ដោយ​មន្ត្រី​អេ​ហ្ស៊ី​ប ដែល​ទទូច​ថា «​អ្នក​នឹង​នៅ​ជាមួយ​យើង​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា អេ​ហ្ស៊ី​ប​ធ្លាប់​បាន​ធ្លាក់​ក្រោម​ថ្វី​ជើង សេ​ណេ​ហ្គា​ល់ ម្តង​រួច​មក​ហើយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ African Cup of Nations ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​។ Mane បាន​និយាយ​ពី​ជ័យជម្នះ​លើ​មិត្ត​រួម​ក្រុម Liverpool របស់​គាត់​ថា​៖ «​ខ្ញុំ​ឈ្នះ​ពីរ​ដង ហើយ​គាត់​ចាញ់​ពីរ​ដង ខ្ញុំ​មានសំណាង​ជាង​គាត់​»៕