កីឡាករជម្រើសជាតិដាណឺម៉ាកជាច្រើននាក់មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលពួកគេឃើញ Christian Eriksen ដួលនៅលើទីលានកំឡុងពេលការប្រកួត Euro 2020 របស់ពួកគេជាមួយនឹងប្រទេសហ្វាំងឡង់ ប៉ុន្តែខ្សែបម្រើរូបនេះមានសំណាងល្អអាចរួចជីវិតពីជំងឺបេះដូង ហើយឥឡូវនេះគាត់កំពុងលេងម្តងទៀតសម្រាប់ក្រុម Brentford ។
ខ្សែបម្រើរូបនេះក៏ត្រូវបានក្រុមជម្រើសជាតិដាណឺម៉ាកកោះហៅម្តងទៀតផងដែរ សម្រាប់ការប្រកួតមិត្តភាពខែមីនារបស់ពួកគេជាមួយហូឡង់ និងស៊ែប៊ី នៅថ្ងៃទី 26 ខែមីនា និងថ្ងៃទី 29 ខែមីនា។
នៅពេលដែល Eriksen បានមកដល់ប្រទេសដាណឺម៉ាក មានទិដ្ឋភាពដ៏រំជួលចិត្តមួយនៅពេលដែលគាត់បានស្វាគមន៍មិត្តរួមជាតិរបស់គាត់ ដែលភាគច្រើនបាននៅកន្លែងកើតហេតុ នៅពេលដែលគាត់ស្ទើរតែបាត់បង់ជីវិត។
គាត់បាននិយាយទៅកាន់មិត្តរួមក្រុមរបស់គាត់ម្តងមួយៗ ដោយមានការឱបពិសេសជាមួយ Simon Kjaer ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការជួយសង្គ្រោះ Eriksen នៅថ្ងៃនោះ។
បញ្ជាក់ផងដែរថា Christian Eriksen បានបង្ហាញខ្លួនបីដងមកទល់ពេលនេះសម្រាប់ Brentford ៕