ខ្សែបម្រើ Scott McTominay របស់ Manchester United បានច្រានចោលការអះអាងដែលថាក្រុមរបស់គាត់មិនខំប្រឹងលេងអំឡុងពេលប្រកួតចាញ់ក្នុងជំនួប Derby ហើយបាននិយាយថាវាពិតជា “ខកចិត្ត និងមិនគួរឱ្យជឿ” ប្រសិនបើមនុស្សគ្រប់គ្នាគិតបែបនោះ។
Man United បានចាញ់ក្រុម Manchester City កាលពីថ្ងៃអាទិត្យ ខណៈដែលការនាំមុខពី Kevin de Bruyne និង Riyad Mahrez បានធានាឲ្យក្រុមរបស់លោក Pep Guardiola ទទួលបានបីពិន្ទុ។ Jadon Sancho បានស៊ុតបញ្ចូលទីតែមួយគ្រាប់គត់សម្រាប់បិសាចក្រហមក្នុងការប្រកួតនេះ។
ក្រោយចប់ការប្រកួត អ្នកគាំទ្រ និងអ្នករិះគន់បានបញ្ចេញមតិលើទម្រង់លេងរបស់ Manchester United ហើយនិយាយថាកីឡាករមិនបានខិតខំប្រឹងលេងក្នុងតង់ទីពីរ។ Roy Keane បានវាយប្រហារយ៉ាងចាស់ដៃដោយបាននិយាយថា ‘មិនអាចលើកលែងបាន’ ខណៈពេលដែល Gary Neville ក៏បានបង្ហាញពីអារម្មណ៍ស្រដៀងគ្នាផងដែរ។
McTominay ឥឡូវនេះបានបដិសេធការអះអាងទាំងនេះក្នុងអំឡុងពេលបទសម្ភាសន៍ក្រោយការប្រកួត ដោយនិយាយថាវាជាការខកចិត្តប្រសិនបើមនុស្សគ្រប់គ្នាគិតថា បិសាចក្រហមគ្មានការប្រឹងប្រែងក្នុងអំឡុងពេលប្រកួត Derby ។
McTominay បានលើកឡើងថា «តាមទស្សនៈរបស់ខ្ញុំ នៅលើទីលានប្រកួត វាពិតជាពិបាកនឹងមើលឃើញនូវអ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នក។ ពួកគេទាំងអស់សុទ្ធតែមានសិទ្ធិបញ្ចេញមត្តិតាមគំនិតរបស់ពួកគេ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ វាពិតជាខកចិត្តខ្លាំងណាស់ ប្រសិនបើមនុស្សគ្រប់គ្នាគិតបែបនេះ»។
កីឡាករអន្តរជាតិស្កុតឡេនរូបនេះបានអត្ថាធិប្បាយបន្ថែមថា តាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ វាឈឺចាប់ខ្លាំងណាស់ក្នុងការស្តាប់ការអត្ថាធិប្បាយបែបនេះ។ គាត់បានបញ្ចេញមតិដ៏ស្មោះត្រង់របស់គាត់លើការបង្ហាញទម្រង់លេងរបស់ក្រុមដោយនិយាយថា បិសាចក្រហមពិតជាមានកំហុសដែលបណ្តោយឲ្យ Man City គ្រប់គ្រងបាល់បានច្រើន។
បញ្ជាក់ផងដែរថាការបរាជ័យនេះមានន័យថា Man United បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៥ ដែលមានមួយពិន្ទុតាមពីក្រោយក្រុម Arsenal ៕