អ្នកគាំទ្រ Chelsea បានសរសើរម្ចាស់ក្លឹបដែលជាមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ដែលមិនបានចាត់ទុកក្លឹបនេះគ្រាន់តែជាអង្គភាពអាជីវកម្ម។
លោក Abramovich បានប្រកាសកាលពីថ្ងៃពុធថា គាត់សុខចិត្តលក់ក្លឹបបាល់ទាត់ Chelsea ដោយសារតែស្ថានភាពនយោបាយបច្ចុប្បន្នពាក់ព័ន្ធនឹងរុស្ស៊ី ជាមួយអ៊ុយក្រែន។ មហាសេដ្ឋីរូបនេះអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលចក្រភពអង់គ្លេស ខណៈដែលគាត់ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
មហាសេដ្ឋីរុស្ស៊ីរូបនេះ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ថា ប្រាក់ចំណូលសុទ្ធដែលបានមកពីការលក់នេះនឹងត្រូវបានបរិច្ចាគ ដើម្បីជួយជនរងគ្រោះដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ គាត់ក៏បានបញ្ជាក់ផងដែរថាទឹកប្រាក់ចំនួន ១,៥ ពាន់លានផោនដែលគាត់បានឲ្យក្លឹបខ្ចី សម្រាប់ប្រើដើម្បីនាំយកកីឡាករលំដាប់ពិភពលោកមកកាន់ Stamford Bridge ក៏មិនត្រូវបានទាមទាត្រលប់ទៅវិញដែរ។
ចាប់តាំងពីលោក Abramovich បានចូលកាន់កាប់ Chelsea ក្នុងឆ្នាំ ២០០៣ ក្លឹបនេះបានទទួលជោគជ័យធំ។ ពួកគេបានឈ្នះពានរង្វាន់ Premier League ចំនួនប្រាំដង និងពានរង្វាន់ Champions League ចំនួនពីរក្រោមការគ្រប់គ្រងរបស់គាត់។ ពួកគេក៏បានឈ្នះពានរង្វាន់ FA Cup ចំនួនប្រាំដង ពានរង្វាន់ Europa League ចំនួនពីរ និង League Cup ចំនួនបីផងដែរ បូករួមជាមួយពានរង្វាន់ UEFA Super Cup និង FIFA Club World Cup នៅរដូវកាលនេះ។
គាត់ក៏បានផ្លាស់ប្តូរសំណាងរបស់ក្រុម Chelsea Women ផងដែរ។ ចាប់តាំងពីការមកដល់របស់ Abramovich ក្រុមនេះបានឈ្នះពានរង្វាន់ Women’s Super League ចំនួន ៤ ដង និង FA Cup ស្ត្រីចំនួនបី។
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្ររបស់ក្លឹបមានការខកចិត្តដែលបានលឺដំណឹងនៃការចាកចេញរបស់ Abrahovich បន្ទាប់ពីរយៈពេលពីរទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានសរសើរដល់ការសម្រេចចិត្តរបស់មហាសេដ្ឋីរុស្ស៊ីរូបនេះ៕