Kepa Arrizabalaga បានជំនួស Edouard Mendy សម្រាប់ Chelsea នៅមុនការបញ្ចប់ម៉ោងបន្ថែមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Liverpool ប៉ុន្តែក្រុមតោខៀវបានរងបរាជ័យនៅពេលដែល Kepa ស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច។
Thomas Tuchel បានជ្រើសរើសដាក់អ្នកជំនាញបាល់ពិន័យ Kepa ក្នុងការប្រកួតនៅនាទីទី ១១៩ នៃការប្រកួតដែលលទ្ធផល 0-0 បើទោះបីជា Mendy បានបង្ហាញទម្រង់លេងយ៉ាងល្អពេញមួយការប្រកួតក៏ដោយ។
ប៉ុន្តែ Liverpool បានស៊ុតបាល់ប៉េណាល់ទីបានសម្រេចទាំង ១១ គ្រាប់របស់ពួកគេ បូករួមទាំងអ្នកចាំទី Caoimhin Kelleher ផងដែរ ខណៈពេលដែល Kepa បានស៊ុតហោះលើរបារទី ហើយចុងក្រោយពានរង្វាន់ Carabao Cup បានធ្លាក់ចូលក្នុងកណ្តាប់ដៃក្រុមហង្សក្រហម។
ថ្លែងទៅកាន់ Sky Sports បន្ទាប់ពីការប្រកួតលោក Tuchel បាននិយាយថា «យើងធ្លាប់បានធ្វើវាបានល្អពីមុនជាមួយ Kepa ក្នុងការប្រកួត UEFA Super Cup កាលពីខែសីហាទល់នឹង Villarreal ដោយអ្នកចាំទីរូបនេះជួយឲ្យ Chelsea ឈ្នះការប្រកួត ហើយនោះជាមូលហេតុដែលខ្ញុំធ្វើការសម្រេចចិត្តបែបនេះ»៕